ព្រះសីហនុ ៖ នាវាចម្បាំកងទ័ពជើងទឹក១គ្រឿង របស់ប្រទេសឥណ្ឌា បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា រយៈពេល ៤ថ្ងៃ ដើម្បីរិតចំណងសាមគ្គីភាព រវាងកងទ័ពជើងទឹក ពិសេសរដ្ឋាភិបាលប្រទេសទាំងពីរ ឲ្យកាន់តែស្និទស្នាល។
ការចូលមកដល់ នៃនាវាចម្បាំងឥណ្ឌា ត្រូវទទួលស្វាគមន៍ ពីមន្ត្រីជាន់ខ្ពស់មូលដ្ឋានសមុទ្រ ដឹកនាំដោយ លោក សុ ខេមរ៉ា នាយរងសេនាធិការមូលដ្ឋានសមុទ្រ។
នាវាកងទ័ពជើងទឹកឥណ្ឌា នឹងចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៧។
សេចក្ដីប្រកាសព័ត៌មាន បង្ហាញថា នាវាឈ្មោះ INS KADMATT (P-29) ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក មានបណ្តោយ ១០៩ម៉ែត្រ និង ទទឹង ១២,៨ម៉ែត្រ ព្រមទាំងមានជម្រៅទឹក ៤,៧០ម៉ែត្រ ហើយមានទម្ងន់ ៣,៣២០០តោន។ នាវានេះ បើកបរក្នុងល្បឿន ៤៦គីឡូម៉ែត្រ ក្នុង១ម៉ោង។
នាវាចម្បាំងនេះ ដឹកនាំដោយ លោកមេបញ្ជាការ NITIN CARIAPPA និងមាននាវិកសរុប ១៧០នាក់។
លោក NITIN CARIAPPA មេបញ្ជាការនាវា INS KADMATT (P-29) បានថ្លែងកោតសរសើរ ចំពោះវត្តមានមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកម្ពុជា ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់នាវាកងទ័ពជើងទឹកឥណ្ឌា ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុពេលនេះ។
លោករំពឹងថា តាមរយៈដំណើរទស្សនកិច្ចនេះនឹងជម្រុញអោយទំនាក់ទំនង រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា កាន់តែជិតស្និទ ឈានទៅពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកទាំងពីរប្រទេស អោយបានខ្លាំងខ្លាថែមទៀតនាថ្ងៃអនាគត។
តាមកម្មវិធីដំណើរទស្សនកិច្ច របស់នាវាចម្បាំងឥណ្ឌាមកកម្ពុជា ក៏នឹងមានការហ្វឹកហាត់រួមគ្នា រវាងកងទ័ពជើងទឹកឥណ្ឌា ជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក។ ជាងនេះទៀត នៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ កងទ័ពជើងទឹកប្រទេសទាំងពីរ នឹងចូលរួមសមយុទ្ធយោធា ព្រមទាំងបង្កើត នូវមតិសមយុទ្ធរួម រវាងប្រទេសទាំងពីរ ក្នុងសកម្មភាពរុករក និងជួយសង្គ្រោះពេលជួបគ្រោះអាសន្ន នៅលើផ្ទៃសមុទ្រជាដើម។
នាវាចម្បាំង ឈ្មោះ KADMATT ជាប្រភេទនាវាប្រឆាំងនាវាមុជទឹក គឺបានដាក់អោយប្រើប្រាស់ កាលពីខែមករា ឆ្នាំ២០១៥ ដោយមានបំពាក់ឧបករណ៍យោធាមួយចំនួនរួមមាន៖ អាវុធឬគ្រាប់ មីស៊ីល និងគ្រាប់បែកបុក ការការពារអាកាសជាដើម។
តាមរបាយការណ៍កងទ័ពជើងទឹកកម្ពុជា បង្ហាញថា កងទ័ពជើងទឹកឥណ្ឌា និងឆ្នាំសមុទ្រកងទ័ពជើងទឹកកម្ពុជា បានកិច្ចសហប្រតិបត្តិការហ្វឹកហាត់ រួមគ្នាតាំងពីឆ្នាំ២០០៣។
ដំណើរទស្សនកិច្ច នៃនាវាចម្បាំងឥណ្ឌាពេលនេះ ក៏នឹងផ្តោតទៅលើការការពារ ដែនសមុទ្រ រវាងកងទ័ពឥណ្ឌា ជាមួយកម្ពុជា ដើម្បីឈានទៅរួមចំណែកជួយការពារសន្តិសុខ រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ក៏ដូចជាពិភពលោកទាំងមូល។
នាឱកាសនោះដែរ លោក សុ ខេមរ៉ា នាយរងសេនាធិការមូលដ្ឋានសមុទ្រ ដែលបានដឹកនាំកងទ័ពជើងទឹកកម្ពុជា រង់ចាំស្វាគមន៍ការចូលមកដល់ របស់នាវាកងទ័ពជើងទឹកឥណ្ឌាកាលពីព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា។ លោកចាត់ទុកវត្តមាន របស់នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា KADMATT ធ្វើទស្សនកិច្ចនៅកម្ពុជាថា នឹងឈានទៅបង្កើតមិត្តភាព សាមគ្គីភាព បង្កើនទំទាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ អោយកាន់តែស្និទស្នាលថែមទៀតនាថ្ងៃខាងមុខ។
តាមកម្មវិធី មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា ក៏មានគម្រោងចូលជួបជាមួយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជួបជាមួយ លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា ជាដើម ព្រមទាំងមានពិធីជួបជុំនៅលើនាវា ឬកំពង់ផែអន្តរជាតិក្រុងព្រះសីហនុផងដែរ៕ ដោយ៖ ដែន សីមា