កាលពីពេលថ្មីៗនេះ មានករណីជនជាតិឥណ្ឌាពីរនាក់ប្តីប្រពន្ធ ជិះម៉ូតូម៉ាក PCX ពណ៌ស១គ្រឿង ដើរធ្វើសកម្មភាពដាក់ថ្នាំយកទ្រព្យសម្បត្តិ ពីអាជីវករលក់ដូរតាមស្រុកភូមិ នៅតាមបណ្តាខេត្ត តាមរយៈល្បិចធ្វើជាសុំដូរលុយរួចដាក់ថ្នាំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជាក់ស្តែង ប្តីប្រពន្ធជនជាតិឥណ្ឌានោះ បានធ្វើសកម្មភាពដាក់ថ្នាំ ប្រមូលយកលុយកាក់មួយចំនួន ពីផ្ទះលក់ដូរមួយកន្លែងរួចហើយ ស្ថិតនៅភូមិ គោព្រិច ឃុំចំបក់ ស្រុកគិរីវង្ស ខេត្តកាកែវ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញប្តីប្រពន្ធជនជាតិឥណ្ឌានោះ បានជិះម៉ូតូ PCX មកឈប់នៅផ្ទះលក់ដូររបស់នារីវ័យក្មេងម្នាក់ ហើយនៅពេលនោះ ស្រ្តីឥណ្ឌាជាប្រពន្ធ បានចុះទៅសួរនាំពីនេះពីនោះ ហើយបន្ទាប់មក ក៏សុំធ្វើជាដូរលុយ។ ហើយខណៈពេលនោះ ក៏បានឃើញនារីអ្នកលក់ បានប្រគល់លុយឲ្យមួយចំនួន។
ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបន្ទាប់ពីទទួលបានលុយរួច ស្រ្តីឥណ្ឌាជាប្រពន្ធនោះ ក៏បានបង្ហាញភាពស្និតស្នាលរាក់ទាក់ ដោយបានយកដៃគោះស្មានារីអ្នកលក់ រួចក៏នាំនាងចូលខាងក្នុងផ្ទះភ្លាមៗ ដោយមិនដឹងថា ប្រើល្បិចនាំទៅធ្វើអ្វីនោះទេ?។ ហើយមួយសន្ទុះក្រោយមក ក៏បានចេញមកវិញ និងប្រញាប់ប្រញាល់ឡើងម៉ូតូ ដែលត្រៀមបើករត់គេចខ្លួន រួចជាស្រេច។ បន្ទាប់ភ្លាមៗនោះ ក៏បានឃើញនារីអ្នកលក់ រត់ចេញពីក្នុងផ្ទះ និងស្រែកផ្អើលឆោឡោតែម្តង។
ទាក់ទងករណីជនជាតិឥណ្ឌា២នាក់ប្តីប្រពន្ធដើរធ្វើសកម្មភាពដាក់ថ្នាំនេះផងដែរ ក៏មានបងប្អូនអាជីករមួយចំនួន បានបញ្ចេញឲ្យដឹងថា ពួកគាត់បានធ្លាប់ជួបរួចហើយកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែ ដោយមានការសង្ស័យ និងប្រុងប្រយ័ត្ន ទើបជនជាតិឥណ្ឌាប្តីប្រពន្ធនេះមិនអាចធ្វើអ្វីបាន។ ជាមួយគ្នានេះ ពួកគាត់ក៏សូមឲ្យបងប្អូន ជាពិសេសអាជីវករលក់ដូរនៅតំបន់ដាច់ស្រយាល តាមស្រុកភូមិ ត្រូវមានការប្រុងប្រយ័ត្ន និងក៏សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ទីកន្លែង មានចំណាត់ការបន្ទាន់ ដើម្បីចាប់ខ្លួនជនជាតិឥណ្ឌា២នាក់ប្តីប្រពន្ធនេះ មកដាក់ទោសទណ្ឌឲ្យខាងតែបាន៕