Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអង្គភាពស៊ីម៉ាក់ កំពុងប្រតិបតិ្តការប្រចាំទិសខេត្តចំនួន៨ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈ៨៥ថ្ងៃ ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ មានសេចក្តីសោកស្តាយសូមជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពស៊ីម៉ាក់ កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលើនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈ៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៣១ខែមករាឆ្នាំ២០២៥នេះ ឯកឧត្តមហេង រតនា បានថ្លែងថា បានការផ្អាកប្រតិបត្តិការនេះ មូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ និងដៃគូអភិវឌ្ឍន៍ បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិក ផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះ របស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។

សូមរំលឹកថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៊ីម៉ាក់ តាមរយៈអង្គការដៃគូក្នុងរយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦.៣៥៥.៧២០ ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។ បើគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពស៊ីម៉ាក់ទិសខេត្តខាងលើបានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា រុករកឃើញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ចំនួន២៧.០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ ចំនួន៦៩គ្រាប់។

ក្នុងពេលវេលានេះ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ ក្នុងការប្រឈមបញ្ហាគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្ត ផ្តល់ព័ត៌មានជាង១.០០០នាក់ របស់អង្គភាពស៊ីម៉ាក់និងកម្លាំងនគរបាលជាតិ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញ ពីគម្រោងផេ្សងទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម សំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណើចាំបាច់៕ រក្សាសិទ្ធដោយ៖សុទ្ធលី