Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិថៃចំនួន ១១៩នាក់ពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដែលកម្លាំងសមត្ថកិច្ចបង្រ្កាបក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន០២ នៅក្រុងប៉ោយប៉ែត នឹងប្រគល់ឱ្យភាគីថៃនៅពេលឆាប់ៗនេះ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៥អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធកម្លាំងសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនជនបរទេសចំនួន ២៣០នាក់ កាលពីថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន០២ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនពីវឌ្ឍនភាព នៃការស៊ើបអង្កេតលើជនបរទេសដែលត្រូវបានឃាត់ខ្លួន ចំនួន២៣០នាក់ កាលពីថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន ០២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយបញ្ចប់នីតិវិធីកំណត់អត្តសញ្ញាណជនបរទេស ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមមុខសញ្ញាជនបរទេសចំនួន១២៣នាក់ ដែលបានអះអាង ខ្លួនជាពលរដ្ឋថៃ មានតែ១១៩នាក់ប៉ុណ្ណោះ ដែលជាជនជាតិថៃពិតប្រាកដ ដោយឡែកចំពោះជនបរទេស ០៤នាក់ផ្សេងទៀត មាន០២នាក់ជាជនជាតិឡាវ និង០២នាក់ ជាជនជាតិមីយ៉ាន់ម៉ា។

ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ជនបរទេសទាំងអស់ដែលត្រូវបានឃាត់ ខ្លួនបានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាមានទាំងស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណង ស្វែងរកការងារដែលមានចំណូលខ្ពស់។ ពួកគេបំពេញការងារដោយការស្ម័គ្រចិត្ត ហើយក៏មិនដែលស្នើសុំ ដល់សមត្ថកិច្ចណាមួយ រួមទាំងរដ្ឋាភិបាលរបស់ពួកគេ ឱ្យជួយអន្តរាគមន៍ដើម្បីបានឈប់ពីការងារ ឬបាន ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ដូចអ្វីដែលអាជ្ញាធរកម្ពុជាធ្លាប់ទទួលបាននាពេលកន្លងមក។

ដោយសកម្មភាពរបស់ជនបរទេសទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដោយប្រើប្រាស់ទឹកដីកម្ពុជាលួចលាក់ធ្វើសកម្មភាព ចូលទៅប្រទេសដទៃផ្សេងទៀត និងដោយមិនទាន់ មានបណ្តឹងជាក់លាក់របស់ជនរងគ្រោះណាមួយ សមត្ថកិច្ចកម្ពុជានឹងសហការជាមួយសមត្ថកិច្ចបរទេស ដែលជាប្រទេសកំណើតរបស់មុខសញ្ញាទាំងនោះ ដើម្បីរៀបចំនីតិវិធីនិងបែបបទបណ្តេញចេញ។

ចំពោះជនជាតិថៃចំនួន ១១៩នាក់ (ស្រី៥៨នាក់) កម្ពុជានឹងប្រគល់ឱ្យភាគីថៃនៅពេលឆាប់ៗនេះ ដើម្បីយកទៅបន្តការស៊ើបអង្កេតតាមច្បាប់ នៃព្រះរាជាណាចក្រថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី