Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គួច ចំរើន បានណែនាំដល់មេឃុំ និងចៅសង្កាត់ទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់នូវប្រជាពលរដ្ឋរបស់ខ្លួនដែលបានមកដាក់ពាក្យស្នើសុំដី

ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មេឃុំ និងចៅសង្កាត់ទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់នូវប្រជាពលរដ្ឋរបស់ខ្លួនដែលបានមកដាក់ពាក្យស្នើសុំដី ក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃឈើដើម្បីរូបគ្នាអភិវឌ្ឍន៍ដោយចីរភាព ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយធានាបានថាប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីទាំងអស់ គឺជាប្រជាពលរដ្ឋដែលក្រីក្រគ្មានដីសម្រាប់សាងសង់លំនៅឋាន និងគ្មានដីសម្រាប់ធ្វើអាជីវកម្ម។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ដែលកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៣ និងលោកមេឃុំ ចៅសង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងដាក់ឱ្យដំណើរការ ”កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនដល់ ប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ កម្មវិធីនេះនឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផល និងការការពារព្រៃ និងដីរដ្ឋសម្រាប់ការអភិវឌ្ឍដោយចីរភាព។ ហើយការដាក់ពាក្យស្នើសុំដីដោយឥតគិតថ្លៃ នៅសាលាឃុំ-សង្កាត់ដែលរបស់ប្រជាពលរដ្ឋរស់នៅ។ រដ្ឋបាលឃុំ-សង្កាត់ ត្រូវបង្កើតក្រុមការងារចំពោះកិច្ចថ្នាក់ឃុំ-សង្កាត់ ដឹកនាំដោយ មេឃុំ-ចៅសង្កាត់ និងមាន ការចូលរួមពីក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ ចាស់ព្រឹទ្ធាចារ្យ និងអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ ភាពសមស្រប និងជ្រើសរើសបុគ្គលមានសិទ្ធិទទួលដីឱ្យបានត្រឹមត្រូវតាមគោលការណ៍ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×