ជឿថាបងប្អូនមហាជន នៅចាំ និងស្គាល់រួចមកហើយ ពីស្រ្តីម្នាក់ដែលលក់ថ្នាំឱសថបុរាណតាមអនឡាញសុខៗ ក៏ស្រាប់តែតាំងខ្លួនថា បារមី «ព្រះនាងឥន្ទ្រទេវី» សណ្ឋិត បញ្ចេញប្ញទ្ធី ផ្អើលដល់យាយៗនៅភ្នំគូលែន នាំគ្នាក្រាបសំពះ និងផឹកទឹកបារមីព្រោងព្រាត ដើម្បីទទួលបានក្ដីសុខ និងលាភជ័យ ដ៏គួរឲ្យហួសចិត្តខ្លាំងបំផុត។
ទោះជាយ៉ាងណា ក្រោយរងព្យុះរិះគន់ពីមហាជនដូចទឹកបាក់ទំនប់ នៅទីបំផុត ស្រ្តីតាំងខ្លួនជាបារមីព្រះនាងឥន្ទ្រទេវី រូបនេះ ក៏ត្រូវបានសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ កោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា បញ្ឈប់រាល់ការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ។
តែដោយឡែក ថ្មីៗនេះ ស្រាប់តែលេចចេញវីដេអូ ស្រ្តីលក់អនឡាញ តាំងខ្លួនជាបារមីព្រះនាងឥន្ទ្រទេវី ខាងលើ ចេញមកទៀតហើយ ដោយបាននិងកំពុងតែបង្ហាញពីការប្រើសិល៍ ព្យាបាលប្រោសត្វលោក នៅឯក្នុងប្រសាទអង្គរ បន្ទាប់ពីស្រ្តីរូបនេះបានសម្ងំស្ងប់ស្ងាត់អស់មួយរយៈធំ។
ពិតណាស់ ជាមួយការបង្ហាញវត្តមានជាថ្មីនេះ ឃើញថាមហាជនជាច្រើនបានចូលបញ្ចេញមតិសម្តែងការហួសចិត្តឡើងព្រោងព្រាត និងបានដាក់ឲ្យបែបនេះថា «នាងហ្នឹង អត់រៀងចាលមែន! សង្ឃឹមថា លើកនេះនឹងបានទៅសមាធិនៅព្រៃសហើយ ទើបរៀង» ។ រីឯអ្នកផ្សេងទៀត ព្រោះតែឃើញបុរសចំណាស់ឱនក្បាលឲ្យមនុស្សស្រី មិនដឹងជាបារមីសណ្ឋិតមកពីណាពីណី កាន់លេងបែបនេះ ក៏បានដាក់ឲ្យផងដែរថា «តាហ្នឹង បើឱ្យនាងហ្នឹងយកជើងដាក់ក្បាលទៀត បានរឹតតែរាសីខ្ពស់ហ្មង….»៕