ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា : ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានការចែករំលែកវីដេអូ នៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលគាត់បានធ្វើការរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី ដោយថាលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត។ល។
សម្តេចបានបញ្ជាក់ថា ឃើញវីដេអូនេះ ធ្វើឲ្យខ្ញុំនឹកឃើញនៅពេលកន្លងមក ដែលខ្ញុំតែងតែឃើញអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ដូចជាលោកស្រី អ៊ុង សានស៊ូជី នៅភូមា កាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា។
ការដែលលោក សម រង្ស៊ី ហ៊ាននិយាយបែបនេះនៅក្នុងរយៈពេលជាង ១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថាប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យ ក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក។
សម្តេចបវរធិបតី បានថ្លែងបន្តទៀតថា “ខ្ញុំរង់ចាំមើលថាតើ អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ? តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហាររបស់គាត់លើបុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ។ សង្ឃឹមថាគាត់មិនចោទថាការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ។
ខ្ញុំជឿថាមានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅជាយ៉ាងណា?”៕ រក្សាសិទ្ធដោយ៖សុទ្ធលី