ក្រចេះ ៖ ក្នុងអំឡុងចុះពិនិត្យកិច្ចការងារនេះមូលដ្ឋានខេត្តក្រចេះនៅចុងសបា្តហ៍កន្លងទៅនេះ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមការពារនិងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានថ្លែងថាសត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិនិងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន។
ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជាអន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ, តំបន់សហ គមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ និងសូមកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍សហគមន៍ ដែលបានចូលរួមរៀបចំពង្រឹងករធ្វើបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសើរ, បម្រើសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវបានល្អ៕ រក្សាសិទ្ធដោយ៖សុទ្ធលី