Tuesday, February 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមសោកស្តាយ! តារាស្រីតៃវ៉ាន់ តួឯកក្នុងរឿង F4 ដ៏ល្បី បានទទួលមរណភាពហើយ ដោយសារជំងឺមួយនេះ

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ កាសែត The Straits Times បានរាយការណ៍ព័ត៌មានដ៏ភ្ញាក់ផ្អើលមួយនៅក្នុងឧស្សាហកម្មកម្សាន្តតៃវ៉ាន់ ខណៈដែលតារា​ចម្រៀង ​និង​សម្ដែង​ដ៏​ល្បី នាង Barbie Hsu ដែលតួ​សម្ដែងក្នុង​រឿង​ភាគ F4 និងក៏ត្រូវបានមហាជនហៅថា «សាន់ឆាយ» បាន​ទទួល​មរណភាព​ក្នុង​អាយុ ៤៨ ​ឆ្នាំ ដោយសារជំងឺរលាកសួត បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសជប៉ុន ជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិន។

ទន្ទឹមនឹងនេះ កាសែត ETtoday ក៏បានចេញសេចក្តីថ្លែងការណ៍មួយអំពីការស្លាប់របស់ Barbie Hsu ដោយប្អូនស្រីរបស់នាងបាននិយាយថា «អរគុណចំពោះការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា។ ក្នុងឱកាសចូលឆ្នាំចិនថ្មីៗនេះ គ្រួសាររបស់យើងទាំងមូលបានទៅវិស្សមកាលនៅប្រទេសជប៉ុន ហើយបងស្រីជាទីស្រឡាញ់របស់ខ្ញុំ បានឆ្លងជំងឺរលាកសួត ដោយសារជំងឺគ្រុនផ្តាសាយ។ នាងបានចាកចេញពីពួកយើងដ៏សោកសៅ។

ខ្ញុំពិតជាមានអំណរគុណណាស់ដែលមានអ្នកជាបងស្រីរបស់ខ្ញុំក្នុងជីវិតនេះ ហើយបានមើលថែគ្នា និងនៅជាមួយគ្នាអស់ជាច្រើនឆ្នាំ។ ខ្ញុំពិតជាដឹងគុណ និងចងចាំអ្នកជានិច្ច។ សម្រាកដោយស្ងប់សុខចុះណាបងស្រីធំ! ពួកយើងនឹងស្រលាញ់អ្នក និងចងចាំអ្នកជារៀងរហូត»។

ទោះជាយ៉ាងណា សេចក្តី​ថ្លែងការណ៍​មិន​បាន​បញ្ជាក់​ពី​ទីកន្លែង ឬ​កាលបរិច្ឆេទ ​នៃ​ការ​ស្លាប់​របស់ Barbie Hsu នោះទេ។

លើសពីនេះ ព័ត៌មានអំពីការស្លាប់របស់នាង ក៏បានចាប់ផ្តើមសាយភាយនៅលើហ្វេសប៊ុក តាំងពីថ្ងៃទី២ ខែកុម្ភៈ។ អ្នកនិយមលេងអ៊ីនធឺណេតដំបូងគិតថា នេះជាព័ត៌មានក្លែងក្លាយ ព្រោះ Barbie Hsu ទើបតែបង្ហាញខ្លួនក្នុងពិធីមង្គលការកូនស្រីរបស់ផលិតករតៃវ៉ាន់ដ៏ល្បីល្បាញកាលពីខែមករា។ ហើយនាងហាក់ដូចជាមានសុខភាពល្អ។

Barbie Hsu ក៏មានរូបភាពមួយសន្លឹកក្នុងពិធីចូលឆ្នាំថ្មី ជាមួយស្វាមីជាតន្ត្រីករកូរ៉េខាងត្បូង អាយុ ៥៥ ឆ្នាំ លោក Koo Jun-yeop និងជាមួយនឹងគ្រួសារដទៃទៀត កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នៅពេលនោះនាងក៏មើលទៅធម្មតាដែរ។ តែទោះយ៉ាងណា ពាក្យចចាមអារ៉ាមនៃការស្លាប់របស់នាង បានធ្វើឲ្យភ្ញាក់ផ្អើល។

ស្របជាមួយគ្នានោះ លោក Wang Xiaofei ជាពាណិជ្ជករជនជាតិចិន ដែលជាអតីតស្វាមីរបស់ Barbie Hsu ក៏បានផ្លាស់ប្តូររូបភាព Profile បណ្តាញសង្គមរបស់គាត់ ទៅជាពណ៌ខ្មៅ ហាក់ដូចជាគាត់កំពុងកាន់ទុក្ខផងដែរ។

គួរបញ្ជាក់ថា លោក Wang Xiaofei បានរៀបការជាមួយ Barbie Hsu និងមានកូនពីរនាក់ជាមួយគ្នា ដោយកូនស្រីច្បងអាយុ ១០ ឆ្នាំ និងកូនប្រុសអាយុ ៨ ឆ្នាំម្នាក់ មុនពេលលែងលះគ្នានៅឆ្នាំ ២០២១។ ត្រឹមតែរយៈពេល ៣ ខែក្រោយមក នាងក៏បានជួបជាមួយគូស្នេហ៍ថ្មី ជាតន្ត្រីករកូរ៉េខាងត្បូង គឺលោក Koo Jun-yeop ហើយរៀបការជាមួយគាត់ម្តងទៀតផងដែរ៕

×