ស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ជាមុខសញ្ញា ក្រុមមនុស្សដែលកាប់បំផ្លាញដើមឈើទាលជាច្រើនដើម ត្រូវបាន មន្ដ្រីកងរាជអាវុធហត្ថខេត្ដស្ទឹងត្រែង សហការជាមួយ មន្ដ្រីជំនាញ មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង ឃាត់ខ្លួនបានកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
ជនសង្ស័យខាងលើមានឈ្មោះ លី សេន ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិរំដែង ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្ដស្ទឹងត្រែង។
បើយោងតាមលោក ស្រេង សុខហេង ប្រធានមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកបានទទួលដំណឹងថាមានការលបលួចចូលកាប់ និងផ្ដួលរម្លំដើមឈើទាល និងអាជ្រៀកធ្វើគ្រឿងផ្ទះ ប្រមាណជា ៤៩ដើម ស្ថិតនៅភូមិទាល់ ឃុំអន្លង់ភេ ស្រុកឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែមករា លោក និងមន្ដ្រីជំនាញ រួមទាំង អាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យ ក៏បានឃើញថា មានករណីកាប់រម្លំដើមឈើទាលពិតប្រាកដមែន មានគល់សរុប ៥៦គល់ ដែលបានកាប់ ក្នុងនោះដើមនីមួយៗមានអង្កត់ផ្ចិតចាប់ពី ៤០សង់ទីម៉ែត្រ រហូតដល់ ១០០សង់ទីម៉ែត្រ។
ក្រោយមក នៅថ្ងៃទី៣១ ខែមករា លោក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និង អន្តរជាតិ ឱ្យបានដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លើបណ្តាញសង្គមFACEBOOK មួយចំនួនអំពី (ករណីផ្សព្វផ្សាយចែកចាយព័ត៍មានការកាប់ឈើ ប្រភេទឈើទាល នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុង ភូមិសាស្ត្រភូមិក្របីមួយ(ភូមិទាល់) ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានគេលួចកាត់រំលំ និងអាជ្រៀកជាគ្រឿងផ្ទះ) ។
ករណីនេះសូមធ្វើការគូសបញ្ជាក់ថា៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចាត់វិធានការយ៉ាងតឹងរឹង ចំពោះជនសង្ស័យដែលបានអាជ្រៀកឈើអាណាធិបតេយ្យ និងរុករានទន្ទ្រានយកដីរដ្ឋខុសច្បាប់ រួមមាន៖ – នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យ ដល់ទីតាំង ជាក់ស្តែង អាជ្រៀកឈើយ៉ាងអានាធិបតេយ្យ នៅចំណុចភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ទីរបរិស្ថានខេត្ត បានសហការណ៍ជាមួយកងរាជអាវុធហត្ថខេត្ត បានចាត់វិធានការជាបន្ត បន្ទាប់ដូចតទៅ ៖
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបញ្ជូនសំណុំរឿង លេខ ០០៦/២៥ បស្ថ.សត ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ទៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ។
នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្ត បានសហការជាមួយកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១រូប ដែលជាប់ពាក់ព័ន្ធទៅនឹងការកាប់រំលំ អាជ្រៀកឈើ និង ទន្ទ្រានរានដីព្រៃឈើធ្វើជាកម្មសិទ្ធិ មកមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនិតិវិធី ។
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សូមបញ្ជាក់ជូន សាធារណៈជន បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តា ជ្រាបថា៖ រាល់សកម្មភាពបទល្មើសការកាប់រំលំបំផ្លិតបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចមន្ទីរបរិស្ថាន គ្រប់គ្រង នឹងត្រូវបានបន្តស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនិតិវិធីដោយមិនមានការលើកលែងឡើយ
ក្រោយពីតាមស៊ើប និងតាមដានមុខសញ្ញា រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ លី សេន សង្ស័យជាជនបង្ក ចូលកាប់ផ្ដួលរម្លំដើមឈើទាលខាងលើ និងបានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូង ខេត្ដស្ទឹងត្រែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ រដ្ឋបាលខេត្ដស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា និងគណៈបញ្ជាការឯកភាពខេត្ដ នៅតែបន្ដវែកមុខ ជនបង្ក និងយកមកអនុវត្ដតាមនីតិវិធីច្បាប់ ដោយមិនមានការលើកលែងនោះទេ៕រក្សាសិទ្ធដោយ៖សុទ្ធលី