ភ្នំពេញ៖ KSH App ត្រូវបានសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ លោក ឃីម សុខហេង ជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) ដើម្បីជួយដោះស្រាយបញ្ហាដែលជួបប្រទះដូចជាសុភមង្គលគ្រួសារ អភិវឌ្ឍន៍ជំនាញការងារ និងការអភិវឌ្ឍផ្ទាល់ខ្លួន ជាពិសេសជួយឱ្យមនុស្សមានសុភាពផ្លូវចិត្តរឹងមាំ អាចរកដំណោះស្រាយបានជុំវិញបញ្ហាដែលខ្លួនជួបប្រទះ និងមិនបាក់ទឹកចិត្ត។
ក្នុងពិធីសម្ពោធ KSH App លោក ឃីម សុខហេង អ្នកជំនាញធនធានមនុស្ស និងជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បានឲ្យដឹងថា KSH App គឺជា App ដែលផ្តល់នូវវីដេអូអប់រំដែលផ្តោតលើបទពិសោធជាក់ស្តែង ទាក់ទងនឹងសុភមង្គលគ្រួសារ គន្លឹះក្នុងការដោះស្រាយវិបត្តិក្នុងគ្រួសារ ទាំងបញ្ហារវាងប្តីប្រពន្ធ ការមិនចុះសម្រុងគ្នា រួមជាមួយនឹងការចិញ្ចឹមអប់រំកូនជាដើម។ បន្ថែមពីនេះ App នេះក៏ជា App ជួយដល់បុគ្គលិកការងារអាចពង្រឹងសមត្ថភាពខ្លួន និងអភិវឌ្ឍការងារកាន់តែល្អប្រសើរតាមរយៈវីដេអូអប់រំនៅក្នុងនោះ។
លោកឃីម សុខហេង បានថា មូលហេតុដែលលោកបង្កើត App នេះឡើង ព្រោះលោក បានមើលឃើញពីតម្រូវការ នៃការដោះស្រាយលើបញ្ហាប្រឈមនានាក្នុងជីវិតមានសារៈសំខាន់។ លោកថា KSH App ត្រូវបានអភិវឌ្ឍឡើងជាបណ្តុំវីដេអូមេរៀនស្តីពីការអភិវឌ្ឍផ្ទាល់ខ្លួន ឱកាសការងារ និងសុភមង្គលគ្រួសារ។ លោកថា នេះជា App ដែលបង្កើតឡើង ដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឯង ជាពិសេសឆ្លើយតបទៅនិងអ្វីដែលយើងម្នាក់ៗ ចង់បានសុភមង្គលក្នុងគ្រួសារ តាមរយៈការលើកទឹកចិត្ត ឲ្យចេះគេចចេញពីបញ្ហានានា ដែលនាំឲ្យយើងធ្លាក់ទៅការបាក់ទឹកចិត្ត និងបាត់បង់សុភមង្គលក្នុងគ្រួសារ។
លោក ឃីម សុខហេង បានបញ្ជាក់ថា ខ្លឹមសារវីដេអូទាំងអស់នៅក្នុង Mobile App នេះ គឺមិនមែនផ្អែកលើទឹ្រស្តីនិយមទេ គឺជាក់ស្តែងនិយម។ លោកថា វីដេអូទាំងអស់នេះ គឺជាការចងក្រងបទពិសោធន៍នៃការស្រាវជា្រវ រឿងរ៉ាវដែលពាក់ព័ន្ធទៅនិងសុភមង្គលគ្រួសារ។ លោក ឃីម សុខហេង បានបន្តទៀតថា តាមការជជែក និងពិភាក្សារកន្លងមក សំពាធផ្លូវចិត្ត ដែលកំពុងតែកើតឡើងដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ តម្រូវការមិនស៊ីសង្វាក់គ្នា ខ្វះការយល់ចិត្តគ្នា ជាពិសេសសំពាធផ្ទួនៗ ដែលគូរភាគីជាភរិយា និងស្វាមី មិនអាចគ្រប់គ្រងបាន ផលវិបាកនៃសំពាធទាំងនេះ អាចធ្វើឲ្យគ្រួសារមានជម្លោះ គ្រួសារបែកបាក់ ហើយគ្រួសារខ្លះ អាចឈានទៅដល់ការបាត់បង់មនុស្សជាទីស្រឡាញ់ បន្សល់ទុកនូវកុមារ និងកូនកំព្រា ដែលឲ្យលោកតាលោកយាយជាអ្នកចិញ្ជឹមជំនួសទៅវិញ។
លោក ឃីម សុខហេង បានបន្ថែមថា ក្រៅពីជំងឺផ្លូវកាយ ជំងឺផ្លូវចិត្ត បានក្លាយជាប្រធានបទដ៏ក្តៅកគុក ហើយកំពុងស្វែងរកពេទ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រឹក្សាយោបល់ជាបន្តបន្ទាប់។ លោកសង្ឃឹមថា តាមរយៈវេទិការ Mobile App នៅថ្ងៃនេះ គឺជាការចូលរួមមួយដ៏ចំណែកតូចមួយ របស់KSH App ដែលជាទីផ្សារមួយ មានការផលិតវីដេអូ តាមរយៈការបង្កើតមាតិការល្អៗ ចូលរួមចំណែកលើកកម្ពស់សុភមង្គលគ្រួសារខ្មែរ ជួយជម្រុញផលិតការងារនៅគ្រប់មន្ទីរទាំងអស់ ជួយជម្រុញកំណើនសេដ្ឋកិច្ច និងការចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិ។
លោក លី ខេមរា ដែលជា CEO នៃក្រុមហ៊ុន Phnom Penh Digital Service និងជាដៃគូសហការក្នុងការបង្កើត KSH App ផងដែរនោះ បានលើកឡើងថា៖ “App នេះពិតជាល្អមែនទែនជួយសង្គមបានច្រើន នៅក្នុងផ្នែកទំនាក់ទំនងដោះស្រាយបញ្ហា ហើយក៏ដូចជាជួយទៅដល់ការប្រឹក្សាយោបល់ចំៗបញ្ហា ហ្នឹងសម្រាប់អ្វីដែលខ្ញុំមើលឃើញ”។ លោកក៏សំណូមពរឱ្យសាធារណជន ចូលទៅកាន់ KSH App ដើម្បីទទួលបានប្រយោជន៍ជាច្រើន ទាំងការអប់រំ និងប្រយោជន៍ផ្សេងទៀតសម្រាប់អភិវឌ្ឍន៍សមត្ថភាពខ្លួន។
គួរបញ្ជាក់ថា លក្ខណៈពិសេសនៃ KSH App គឺជាបណ្តុំមេរៀនវីដេអូដែលបំផុសគំនិត មានចំនួនជាង ៣ពាន់វីដេអូ និងបណ្តុះបណ្តាលដោយអ្នកជំនាញធនធានមនុស្ស លោក ឃីម សុខហេង។ KSH App ចុះឈ្មោះតាមអនឡាញងាយស្រួល សម្រាប់ទូរស័ព្ទ Android មានក្នុង Play Store និងសម្រាប់ទូរស័ព្ទ iOS មាននៅក្នុង App Store ដោយចូលទស្សនា និងប្រើប្រាស់ខ្លឹមសារបានគ្រប់ពេលវេលា ជាមួយ៣ភាសា មានភាសាខ្មែរ អង់គ្លេស និងចិន៕