Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់វិស័យជលផលប្រកបដោយចីរភាពនៅប្រទេសកម្ពុជា និងក្នុងតំបន់

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមជាអធិបតី ដោយមានការចូលរួមជាគណៈអធិបតី ឯកឧត្តម Derek Yib ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តមបណ្ឌិត ណៅ ធួក សមាជិកសភា លោកស្រី Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងឯកឧត្ដម ប្រាក់ សោភ័ណ្ឌ ក្នុងពិធីបើក “សន្និសីទលើកទី២ ស្ដីពីជណ្ដើរត្រីនៅតំបន់មេគង្គក្រោម” ដែលសហការរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលគាំទ្រដោយមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តពាក់ព័ន្ធ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី និងសមាជិក សមាជិកាមកពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលមានចំនួនសរុប ១៥១នាក់។

សន្និសីទនេះធ្វើឡើងក្នុងគោលបំណង បន្តជំរុញការងារសាងសង់ជណ្តើរត្រី បង្ហាញការសិក្សាស្រាវជ្រាវការផ្លាស់ទីត្រីឆ្លងកាត់ជណ្តើរត្រី និងការវិវដ្តរចនាប្លង់សាងសង់ជណ្តើរត្រីប្រទេស ក្នុងតំបន់ទន្លេមេគង្គ ព្រមទាំងការងារពាក់ព័ន្ធជាសកល ក្នុងន័យលើកកម្ពស់ដល់ការថែរក្សាត្រី និងទឹក សំដៅរក្សាបាននូវសន្តិសុខស្បៀង ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានសារសំខាន់ណាស់ ជាពិសេសគោលនយោបាយ អាទិភាពទី៥ ទី៦ គឺការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ មានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធុននឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលជូលដល់គ្រួសារកសិករ ហើយធនធានជលផលនៅតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសថ្លែងបើកអង្គពិធីសន្និសិទ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសអូស្រ្តាលី ដែលបានជួយសាងសង់ជណ្តើរត្រីសរុបចំនួន ០៦ ដល់កម្ពុជា ក្នុងរយៈពេល ៤ឆ្នាំកន្លងមក និងសូមឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងទទួលយកការចែករំលែកបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិលើការងារជណ្តើរត្រី ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សម្រាប់ជាប្រយោជន៍ក្នុងសង្គមជាតិ នៃប្រទេសរបស់ខ្លួន សំដៅចូលរួមថែររក្សា និងបង្កើនធនធានជលផលក្នុងសកលបន្ថែមទៀត។

សន្និសីទនេះប្រមូលផ្តុំអ្នកជំនាញជាង ២០០ នាក់មកពីបណ្តាប្រទេសទន្លេមេគង្គ អាស៊ាន និងអូស្ត្រាលី ដើម្បីស្វែងរកដំណោះស្រាយថ្មីៗ ដូចជា ជណ្តើរត្រីនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជួយធានាតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន។ ការការពារធនធានជលផលមានសារៈសំខាន់ណាស់ក្នុងការធានាសន្តិសុខស្បៀង ប្រាក់ចំណូល និងអាហារូបត្ថម្ភនៅក្នុងតំបន់ទន្លេមេគង្គ។
ជាផ្នែកមួយនៃគម្រោង FishTech គំនិតផ្តួចផ្តើមនេះបង្កើតលើកិច្ចសហប្រតិបត្តិការជាងមួយទសវត្សរ៍រវាងប្រទេសអូស្ត្រាលី និងបណ្តាប្រទេសទន្លេមេគង្គក្រោម ដែលទទួលបានមូលនិធិពីកម្មវិធីភាពជាដៃគូ មេគង្គ-អូស្ត្រាលី និង ACIAR ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×