ក្នុងឱកាសបុណ្យចូលឆ្នាំចិន ការដុតផាវ គឺជាសកម្មភាពប្រពៃណីដ៏ពេញនិយមមួយ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះច្រើនតែកើតមានជាមួយនឹងហានិភ័យនៃការផ្ទុះ ប្រសិនបើមិនមានការត្រួតពិនិត្យ និងគ្រប់គ្រងដោយប្រុងប្រយ័ត្ន ជាពិសេសនៅពេលមានការចូលរួមពីកុមារ ឬ ក្មេងៗដែលមិនទាន់យល់ពីគ្រោះថ្នាក់ នៃការបាញ់កាំជ្រួច តែងតែលេងជាមួយ ដែលជាហេតុនាំឲ្យកើតមានឧបទ្ទវហេតុនឹកស្មានមិនដល់។
ជាក់ស្តែង ហេតុការណ៍ដ៏រន្ធត់មួយ នៅទីក្រុងស៊ីឈួន ប្រទេសចិន ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានកើតឡើង គឺនៅពេលដែលក្មេងប្រុសថ្នាក់ទី២ម្នាក់ បានបោះផាវចូលទៅក្នុងលូ បណ្តាលឱ្យឧស្ម័នមេតាននៅខាងក្នុងផ្ទុះ ធ្វើឲ្យរថយន្តជាច្រើនគ្រឿងដែលចតនៅក្បែរនោះ ក្រឡាប់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ជាមួយស្ថានភាពដ៏ភ័យស្លន់ស្លោនេះផងដែរ ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនក្មេងប្រុសនោះ យកទៅធ្វើការសាកសួរ ។ សំណាងល្អ ដែលមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន ឧបទ្ទវហេតុនេះបានកើតឡើងនៅចំណតរថយន្តរបស់ក្រុមហ៊ុនផ្លូវដែកចិន នៅលើផ្លូវ Chuanlanbeng ស្រុក Shizhong ក្រុង Naijiang ខេត្ត Sichuan ។ ចំណតនេះពោរពេញទៅដោយរថយន្តទំនើបៗ ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានត្រឡប់មកផ្ទះវិញ ដើម្បីអបអរពិធីបុណ្យនិទាឃរដូវ។
វីដេអូ CCTV ពីហាងក្បែរនោះ បង្ហាញថា មុនពេលមានការផ្ទុះ ក្មេងប្រុសថ្នាក់ទី ២ បានអង្គុយនៅចន្លោះរថយន្ត ហើយបានដុតផាវ ហើយបោះវាទៅក្នុងលូ មុនពេលរត់គេចខ្លួន។
ក្នុងរយៈពេលតិចជាង ៥ វិនាទី ការផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើង ធ្វើឱ្យគម្របបង្ហូរចេញ ខ្ចាត់ខ្ចាយថ្ម និងដីគ្រប់ទីកន្លែង។ រថយន្ត Lincoln SUV មួយគ្រឿងដែលចតនៅក្បែរលូ បានក្រឡាប់ផ្ងារជើង។ ខណៈកញ្ចក់ចំហៀងនៃរថយន្ត Audi A8 នៅក្បែរនោះ ក៏ត្រូវបានបែកខ្ទេចខ្ទីផងដែរ ។ រីឯរថយន្ត Lexus រងការខូចខាតយ៉ាងដំណំ ដោយបែកកញ្ចក់ខាងក្រោយទាំងអស់។
ការខូចខាតទ្រព្យសម្បត្តិមិនតិចទេ ដោយគ្រាន់តែតម្លៃជួសជុលរថយន្តរាប់សែនយន់។ លើសពីនេះ ផ្លូវ និងប្រព័ន្ធលូ ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ តាមការប៉ាន់ស្មាន នោះតម្លៃសរុបនៃការជួសជុលអាចឡើងដល់ជិត ១ លានយន់។
ជាមួយហេតុការណ៍ដែលជាមេរៀនមួយនេះ ក៏សូមមាតាបិតាត្រូវយល់ដឹងថា ការអនុញ្ញាតឲ្យកុមារ កូនៗ ទៅប៉ះពាល់ឬលេងនឹងផាវ ឬវត្ថុដែលអាចផ្ទុះបាន គឺមិនមែនគ្រាន់តែជាការសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ទាំងកុមារ និងមនុស្សជុំវិញខ្លួន។ ព្រោះកុមារមិនទាន់ដឹងច្បាស់អំពីគ្រោះថ្នាក់នោះទេ ដូច្នេះហើយ វាជាកាតព្វកិច្ចរបស់មនុស្សពេញវ័យ ក្នុងការបង្រៀនកូនៗរបស់ពួកគេអំពីគ្រោះថ្នាក់នេះ៕
![](https://cen.com.kh/wp-content/uploads/2025/02/4982d254a31d15f67f609ebf85b3190b.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3a54952aec35e21278d581dfb2005513.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a5461435166747aaa70be8e8a184c9af.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/35c3e73c395eda831a7210744a9ab5c8-1024x557.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/65ebbd5afb95b9957d0b5690e3d8af25.jpg)