នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំនិស្សិតវិស្វករឆ្នាំទី៤និងទី៥ មុខជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ព្រមទាំងសាស្ត្រាចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)ប្រមាណ ១២០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីរាជធានីភ្នំពេញ នៅទីតាំងអនុវត្តគម្រោងតំបន់រលាំងជ្រៃ និងតំបន់ស្ទឹងតូច ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនដល់ក្រុមនិស្សិត និងសាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅទីតាំងអនុវត្តគម្រោងជាក់ស្តែង ពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ជាពិសេស ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលបាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត ជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ទស្សនកិច្ចសិក្សាស្វែងយល់នាពេលនេះគឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យធនធានទឹក និងឧតុនិយម ជាពិសេសមុខជំនាញវិស្វកម្មធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលជាការងារអាទិភាពមួយនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្របតាមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/e4cc72518a1b8cddcd9da14ee6d03dc1-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/44d4ccbb7beccce1286c4fca464d3a89-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/01d9eae790367eeca38f3483b2290dca-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/73c8d4ccd8268d4b5686193441accad3-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4b06d09184d3d1cc25b2324944be3f2b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4f3c3e82d6d362cf7f0ba3dd19db7373-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d1dd8f962fcaca3111de1a2eb666d466-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/90af1c5fd296496fbf35c03d14040643-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8b6fa82c3fef3a8a39cd1f7742e12f6c-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/45846cba757a61b195ce4333c42400d3-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/150f45a0d6a894b6db4c7206400ccf6a-1024x683.jpg)