រាជធានីភ្នំពេញ : នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូន អ្នកនិយម តាមដានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការផ្សព្វផ្សាយចែកចាយ និងការបញ្ចេញមតិយោបល់តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួនលោក ពេជ ពិសិដ្ឋ ដែលតាំងខ្លួន ជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ និងបញ្ជូនទៅកាន់អយ្យការសាលាដំបូងចាត់ការតាមនីតិវិធី ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។ ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ។ ក្នុងន័យនេះ សូមបញ្ជាក់បន្ថែមថា ផ្អែកតាម លិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ សមត្ថកិច្ចគ្រាន់តែឲ្យបុគ្គលរូបនេះចូលខ្លួន ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះ មិនអាចបញ្ឈប់សកម្មភាព ហើយបន្ត ផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ ។
ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/dc4d43637077d3a206f2c25217b33820-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/effb515e1d57e58cf78dbf2ed9278028-725x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b364c0ba63f8b1a40d6387352d2c7790-724x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3b972f2fb04dfb69d2bc47a21b00cab8-689x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9cb1c937902180605e188a9d645b9bfe.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d4aa9aaa02d69ca15378f11e327413e9-717x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/988120b636e3779eb214efcac7deced2-928x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4f34a642c2d642a768cc2c6843b2f2b8-636x1024.jpg)