Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក!

បាត់ដំបង ៖ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្នុងដំណើរបេសកកម្មការងារនៅខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលជួបសំណេះសំណាលមួយស្របក់ ជាមួយប្រជាពលរដ្ឋ ១គ្រួសារ មានប្ដី ប្រពន្ធ និងកូនតូច ដែលមកស្នើសុំសេវាឯកសារផ្លាស់ទីលំនៅចេញពីមូលដ្ឋានឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា “ខ្ញុំសូមសរសើរប្អូនៗជាស្វាមី និងភរិយា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ចំពោះឯកសារផ្លាស់ទីលំនៅ ហើយឆ្លៀតពេលវេលាមកស្នើសុំសេវានេះនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក។ ឯកសារនេះ ជាការតម្រូវចាំបាច់របស់មន្រ្តីនគរបាលប៉ុស្តិ៍ សម្រាប់ការងារគ្រប់គ្រងស្ថិតិប្រជាជន និងក៏មានសារៈសំខាន់សម្រាប់ការប្រើប្រាស់ផ្សេងៗរបស់បងប្អូន។
តាមរយៈការចូលជួបដោយពុំបានជូនដំណឹងជាមុន ខ្ញុំក៏សូមសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពាមឯក បើទោះបីជាថ្ងៃនេះ ជាថ្ងៃសៅរ៍ ប៉ុន្តែនាយប៉ុស្តិ៍ បានបែងចែកកម្លាំងប្រចាំការ សម្រួលការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ដែលមួយចំនួនពួកគាត់ច្រើនតែមានឱកាសមកស្នើធ្វើឯកសារផ្សេងៗក្នុងថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យឈប់សម្រាក ទំនេរពីការងារ”។

ព្រឹកថ្ងៃសៅរ៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលជួបសំណេះសំណាល និងពិនិត្យការងារមួយចំនួន ដើម្បីស្វែងយល់អំពីការបំពេញការងារជាក់ស្ដែងរបស់របស់មន្រ្តីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក ស្ថិតនៅឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សូមអធ្យាស្រ័យម្ចាស់ផ្ទះដែលចូលមកលេងដោយពុំបានជូនដំណឹងមុន។
ជជែកគ្នាមួយស្របក់ធំ ខ្ញុំបានស្ដាប់ និងទទួលព័ត៌មានច្រើនពីលោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ដែលប្រចាំការ លើការចាត់ចែងការងារប្រចាំថ្ងៃ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងបានស្វែងយល់អំពីបញ្ហាប្រឈម និងវិធីសាស្រ្តដោះស្រាយពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក ក៏រួមទាំងមន្ត្រីប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេស បន្តខិតខំប្រកៀកស្មាគ្នាជាមួយតួអង្គពាក់ព័ន្ធ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមគោលនយោបាយដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងស្វែងយល់ភាពជាក់ស្ដែងនៃការបំពេញការងាររបស់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក នាព្រឹកថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តឆៀងចូលសាលាឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបងដែលនៅក្បែរនោះស្រាប់។ លើកនេះ បានអង្គុយលើកៅអីអ៊ំមេឃុំ និងសាកល្បងដឹកនាំកិច្ចពិភាក្សាជាវិសាមញ្ញជាមួយលោកអ៊ំមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ហើយក៏រីករាយដែលនៅក្បែរតុប្រជុំ មានជំនួយការឃុំ ចំនួន ២រូប បានចូលរួមស្ដាប់ពីកន្លែងប្រចាំការនៃយន្តការច្រកចេញចូលតែមួយឃុំ។
ទោះមិនបានណាត់គ្នាមុន តែប្រធានបទនៃកិច្ចពិភាក្សាហាក់ដូចជាប្រទាក់ក្រឡាគ្នា។ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការប្រើប្រាស់ថវិកាមូលនិធិឃុំ ការគ្រប់គ្រងសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការប្រព្រឹត្តទៅនៃយន្តការច្រកចេញចូលតែមួយឃុំ ការចូលរួមរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម និងតម្រូវការក្នុងមូលដ្ឋាន រួមទាំងសេចក្ដីត្រូវការរបស់យុវជន គឺជាប្រធានបទនៃកិច្ចពិភាក្សា។
មតិយោបល់របស់អង្គប្រជុំដែលពាក់ព័ន្ធនឹងគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ត្រូវបានកត់ទុកជាធាតុចូលសម្រាប់កិច្ចពិភាក្សានិងតម្រង់ទិស ក្នុងសន្និបាតក្រសួងមហាផ្ទៃខាងមុខនេះ។ សូមលើកទឹកចិត្តគ្រប់តួអង្គនៃឃុំពាមឯក រួមទាំងឃុំ សង្កាត់ផ្សេងទៀត ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានខ្លួនប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×