ទីក្រុងម៉ានីល ៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។ លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។
ជាការឆ្លើយតបសម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិតសាលា West Point ។ សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡេីងពីបទពិសោធនៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point ។ សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុមអតីតនិស្សិតហ្វីលីពីន ពីសាលាWest Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/f4a9668e47b9f66744e2389cd65a0b3f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fa6f1e3372f3301768d036d2dab9b474-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0661ca86ccff28ba16e05d19771be3f7-683x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6b305701c710c2686313c4440bde8300-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/89dd38f055e215d470c063acd32768db-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/41e4a264fe65e67859ef8363f55e2cc3-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/485ab65fa56f3d7cd2c85f7d5247841c-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/93eb2fccd7ef0bf2c505199c7f297caa-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/48ae6bda19c9b0573121cfec2f1aa42d-683x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3ae7dbf00d567c573bf0d537d6a89c01-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b5f2e516ac6c30eb155b264f0d5a27f1-819x1024.jpg)