Tuesday, February 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

ទីក្រុងម៉ានីល ៖ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្មបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា​ សាជីវកម្ម​San Miguel​ ជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង​។​ ជាក់ស្តែង,​ សាជីវកម្ម​ San Miguel បានសាងសង់​ និង​​​គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។​​ ជាមួយគ្នានេះ,​ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះកម្ពុជា ជាប្រទេសដែលមានដីមានជីជាតិល្អ, កម្លាំងពលកម្មមានជំនាញ, ភូមិសាស្ត្រអំណោយផលដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា​ ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានជម្រាបជូនក្រុមហ៊ុនអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា វិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​ ភ្ជាប់ទៅកាន់តំបន់​ និងពិភពកលោក។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ, បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុន នៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី