ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ UPOV បានរៀបចំសិក្ខាសាលាស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ស្របតាមអនុសញ្ញា UPOV និងអត្ថប្រយោជន៍នៃការចូលជាសមាជិកភាព UPOV សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ដល់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុន-សហគ្រាស, ភ្នាក់ងារកម្មសិទ្ធិបញ្ញា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជា ឱ្យបានយល់ដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ។
![](https://cen.com.kh/wp-content/uploads/2025/02/4bd070dda9e0cb0f5b672cb6036290d5-1024x733.jpg)
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការយល់ដឹងពីប្រព័ន្ធការពារពូជថ្មីនៃដំណាំ ក្រោមអនុសញ្ញា UPOV និងផ្លាស់ប្តូរបទពិសោធន៍ពីប្រព័ន្ធការពារពូជថ្មី នៃដំណាំរបស់ប្រទេសជប៉ុន និងបណ្តាប្រទេសនានាក្នុងតំបន់ និងជាពិសេសទៅទៀតនោះ គឺដំណើរការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឱ្យស្របតាមអនុសញ្ញាអង្គការ UPOV ការស្វែងយល់ពីអត្ថប្រយោជន៍នៃការចូលជាសមាជិកអង្គការ UPOV ដើម្បីកម្ពុជាបានចូលជាសមាជិកអង្គការ UPOV នាពេលខាងមុខ។
![](https://cen.com.kh/wp-content/uploads/2025/02/e275810cf83842c8d6493cd9d3482873-1024x718.jpg)
ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា ការការពារពូជថ្មីនៃដំណាំមិនត្រឹមតែជាបែបបទផ្លូវច្បាប់ប៉ុណ្ណោះទេ តែមានគោលដៅអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន និងបង្ហាញពីសារៈសំខាន់ ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់អាហារ និងជីវភាពរស់នៅរបស់កសិករ និងអ្នកបង្កាត់ពូជដំណាំថ្មីៗ និងមានគោលបំណងការពារទ្រព្យកម្មសិទិ្ធបញ្ញា និងធានានូវការគ្រប់គ្រង ការលើកទឹកចិត្ត និងការអភិវឌ្ឍន៍ពូជដំណាំឱ្យមាននិរន្តភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាននៅកម្ពុជា។
![](https://cen.com.kh/wp-content/uploads/2025/02/4fd0ca945e7e952e515f7a0115fcc716-1024x670.jpg)
សូមបញ្ជាក់ថា ប្រព័ន្ធការពារពូជថ្មីនៃដំណាំ គឺជាឧបករណ៍យុទ្ធសាស្ត្រដែលជំរុញការរីកចម្រើនសេដ្ឋកិច្ចជាតិ បង្កើនសន្តិសុខស្បៀង និងលើកកម្ពស់ការរីកចម្រើនបច្ចេកវិទ្យា។ វិស័យកសិកម្ម ជាប្រភពដ៏សំខាន់មួយក្នុងការបង្កើនចំណូលដល់កសិករ ហើយបានផ្តល់ឱកាសការងារសម្រាប់កម្លំាងពលកម្មក្នុងប្រទេស ជាពិសេសវិស័យនេះ អាចធានាស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង ១៧លាននាក់៕
![](https://cen.com.kh/wp-content/uploads/2025/02/a619ba99f1c602a8f840543a6130d538-1024x666.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/728407394b9b3891ea560254b17e4574-1024x668.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d75ac4c70c44785c24831424578a6178-1024x617.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7471ce00ed33a4d8144baf6c6df3444f-1024x578.jpg)