ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់វិនិយោគិនដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគ ក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះ ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/2aeb006d0ba8b484e3e4c5924f606fe3-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3ac785967e3d8266bd337f3d1c01a5ac-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6bd1c5ce239aa51d8ab53e85b4ee75d4-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c73ffbd94336ea8ca5ca3c7afeba208b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/bc47b6610733d6caae751dcf0e5bc52a-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cc62e6fe5fa5edf0876756c1a383c226-1024x683.jpg)