Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នៅបន្តពិនិត្យលទ្ធភាពអន្តរាគមន៍លើវិស័យទេសចរណ៍ នៅឆ្នាំ២០២៥នេះ ខណៈបច្ចុប្បន្នចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប បានហក់ឡើងវិញហើយ

ភ្នំពេញ៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកទឹកចិត្ត និងពិនិត្យលទ្ធភាពក្នុងការបន្តលើវិធានការអន្តរាគមន៍ជាច្រើនទៀត ដើម្បីជួយស្ដារសកម្មភាពអាជីវកម្មវិស័យទេសចរណ៍នៅខេត្តសៀមរាប ទោះបីបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប បានហក់ឡើងវិញហើយក៏ដោយ។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងដូចនេះ ក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។

ជុំវិញវិស័យទេសចរណ៍នេះ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានបន្តថា មកដល់បច្ចុប្បន្នឃើញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងភ្ញៀវរទេសចរដែលមកតាមជើងហោះហើរ នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានកំពុងកើនឡើងដូចមុនវិបត្តិជំងឺកូវីដ-១៩។ សម្រាប់ខេត្តសៀមរាបនៅឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់ ៨០ម៉ឺននាក់ប៉ុណ្ណោះ ខណៈនៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវវទេសចរអន្តរជាតិបានជាង ១លាននាក់ ដែលនេះ គឺជាចំនួនមួយដែលកើនឡើងគួរកត់សម្គាល់។

ទោះជាយ៉ាងណាឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា សម្រាប់ខេត្តសៀមរាប ការលក់សំបុត្រចូលទស្សនានៅមុនវិបត្តិជំងឺកូវីដ-១៩ មានចំនួន ២,២លាននាក់ ខណៈនៅក្នុងឆ្នាំ២០២៤កន្លងនេះ ការលក់សំបុត្រចូលទស្សនានៅខេត្តសៀមរាប បានត្រឹមជាង ១លាននាក់ប៉ុណ្ណោះ ក្នុងនោះអ្នកទេសចរមកពីអឺរ៉ុប និងអាម៉េរិក គឺបានចូលមកដូចឆ្នាំ ២០១៩ ខណៈភ្ញៀវទេសចិននៅមានកម្រិតទាបនៅឡើយ។

ទាក់ទិនភ្ញៀវទេសអន្តរជាតិនេះ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដោយក្នុងនោះអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប ហើយបញ្ហានេះ រាជរដ្ឋាភិបាលនៅតែបន្តពិនិត្យ និងវាយតម្លៃ ក្នុងនោះប្រសិនស្ថានភាពមិនល្អប្រសើរ រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធក្នុងការបន្ត ដើម្បីលើកទឹកចិត្តបន្ថែម។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមកនេះ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ ចំពោះការលើកទឹកចិត្តពន្ធដារនេះ រួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥៕