Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវទៅលើពាក្យចចាមអារ៉ាមថា ដោះលែងអ្នកផលិតកាំបិត២រូបជាថ្នូរនឹងទឹកប្រាក់ ៥៥០០ ដុល្លារ

ខេត្តត្បូងឃ្មុំ ៖ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារ៉ាមថា ដោះលែងអ្នកផលិតកាំបិតជនជាតិចាម២រូបអោយត្រលប់ទៅផ្ទះវិញ ជាថ្នូរនឹងទឹកប្រាក់ ៥៥០០ ដុល្លារអាមេរិក ព្រោះករណីនេះវាពាក់ពន្ធ័ស្ថាបន័តុលាការនិងនគរបាលយុត្តិធម៌។

បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមជម្រាបជូនដល់ សាធារណជនទាំងអស់ មេត្តាជ្រាប៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពី ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ៖ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជា មេជាង, ២.ឈ្មោះ អិន ប្រុសខូច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម ជាកូនជាង និងជាអ្នកឡាយវីដេអូ លក់ កាំបិត និងដាវ តាម FACEBOOK និងTIKTOK ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ដាវវែង ចំនួន០៣ដើម, ដាវខ្លីចំនួន០៦ដើម, កាំបិតផ្គាក់ដងវែងចំនួន០៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន០១ដើម, កាំបិតខ្វែវ ចំនួន០២ដើម, កាំបិតប៉័ងតោចំនួន០៣ដើម, កាំបិតស្នៀតចំនួន០៧ដើម, ពូថៅចំនួន០២ដើម, ស្រោមជាវធ្វើពីឈើ ចំនួន០៤, ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ចំនួន០១, ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន០៥ និងម៉ូទ័រចំនួន០៥។

សូមជម្រាបសាធារណជនផងដែរថា ក្រោយពីតំណាងអយ្យការធ្វើការសាកសួរទៅលើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះ ឈ្មោះ សា សូទី ភេទប្រុស និងឈ្មោះ អិន ប្រុសខូច ភេទប្រុស តំណាងអយ្យការបានសម្រេចឱ្យជនសង្ស័យទាំងពីរនាក់បានត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីឱ្យបានត្រឡប់ទៅផ្ទះវិញជា បណ្តោះអាសន្នពីសំណាក់មេធាវី ហើយសំណុំរឿងតំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត។

ដូចបានជម្រាបជូនខាងលើ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា “ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០$៕ រក្សាសិទ្ធដោយ៖ សុទ្ធលី