ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ព្រមទាំងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យធនធានទឹក និងឧតុនិយម តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៤-២០២៨) របស់ក្រសួង-ស្ថាប័នទាំងបី បានដាក់ចេញយ៉ាងច្បាស់នូវសកម្មភាពជាអាទិភាព សូចនាករ និងពេលវេលាច្បាស់លាស់សម្រាប់ការអនុវត្តសកម្មភាព និងយន្តការត្រួតពិនិត្យវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌសមិទ្ធកម្មគន្លឹះ ហើយក៏បានកំណត់អំពីការទទួលខុសត្រូវរបស់នាយកដ្ឋានជំនាញនីមួយៗ ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ ការគ្រប់គ្រង និងការអភិរក្សធនធានទឹកប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងនិរន្តរភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹក ពុំមែនជាវិស័យមួយ ដែលបម្រើឱ្យតែការស្រោចស្រពដំណាំកសិកម្មតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែវិស័យធនធានទឹក បាននិងកំពុងបម្រើឱ្យពហុវិស័យ ជាអាទិ៍ កិច្ចគាំពារបរិស្ថាន ឧស្សាហកម្ម ថាមពល ការដឹកជញ្ជូន ទេសចរណ៍ អភិវឌ្ឍន៍ជនបទ អាកាសចរណ៍ និងការគ្រប់គ្រងគ្រោះមហន្តរាយ ហើយដែលទាមទារឱ្យមានកិច្ចសហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ៕រក្សាសិទ្ធដោយ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/f215764546ca73016c9279d36dbb80a9-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/53035150bdf8df0618a48f1c41759284-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ba3d7d3976488d3f9e45ac85ae761846-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/82a1e716f4e316c2263e2fb63025db92-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cdbb85a3020a88463f1a01e0f85b5f22-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/dd1d9c79ba622e2a4f2ebbeac0b5ba7a-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0a6aa8ac892050ae987572bfda6cbc13-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b7e0da702320d56ac577dedc56106218-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/45caea5a42d14773ea73095e6fcc5689-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/255196576a9425ca2b3215987ae42a57-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/927d0a8901b52df18c1ad8956f024dc1-1024x683.jpg)