ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម NGUYEN Minh Vu ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួត ភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។ ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។
នាឱកាសជំនួបនេះ ឯកឧត្តម NGUYEN Minh Vu បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង មហាកិត្តិយស និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និង ចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តម បានសម្តែងនូវក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូន សម្ដេចតេជោ នូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមប្រធានរដ្ឋសភា និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា ដូចជាការបន្តលើកកម្ពស់ (១) កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, (២) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, (៣) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និង (៤) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និង ការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា ឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។ សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចំរើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និង ការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។
សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រចំពោះទិសដៅភារកិច្ចដែលឯកឧត្តមឯកអគ្គរដ្ឋទូត បានដាក់ចេញ នៅក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោបានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូលដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចបានចង្អុលបង្ហាញថា វៀតណាមបានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។
សម្តេចតេជោ ក៏បានកត់សម្គាល់និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងនូវក្តីសុទិដ្ឋិនិយមថា ជាមួយនឹងល្បឿនកំណើននេះ វៀតណាមនឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម NGUYEN Minh Vu ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕រក្សាសិទ្ធដោយ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/048f73dd4e3f4f130bbe7b0a1320f439-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/61ee9396cf4654e9dcf75ff2b5bbd406-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/42220e9240dbc6d703acbc47b172950c-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/580791cc78c8697f9e8785d65557d826-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4589926a22ccae221cb5c6f560706506-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/65f590a24e24da1c569a710cc47cad5c-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b9350206e6c99262c0059be4d863eca4-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4c9df7af06f2f7dd3bf4fd55d48a1b6a-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7f7fac73a555337eb3017afe0f8fd843-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/468ebf88f3b50fb8104b8b05c445d3d5-1024x682.jpg)