ជនជាប់ចោទ Brock Franklin អាយុ៣១ឆ្នាំ បានត្រូវក្រុមចៅក្រមចោទប្រកាន់ទោសចំនួន ៣០ ក្នុងនោះមានទោសបង្ខំក្មេងពុំទាន់ពេញវ័យធ្វើស្រីពេស្យា រំលោភផ្លូវភេទ និងចាប់ជំរិត។
តាមរបាយការណ៍ដាក់បន្ទុក Brock Franklin បានចាប់ជំរិតក្មេងស្រី និងស្ត្រី រួចបង្ខំពួកគេឲ្យធ្វើស្រីពេស្យា។ បើសិនពុំធ្វើតាមពួកគេនឹងត្រូវធ្វើទារុណកម្មលើរាងកាយ។ Brock Franklin ត្រូវបានចោទប្រកាន់ថា ជាមេក្លោងនៃក្រុមបក្សជួញដូរមនុស្ស ហើយត្រូវបានចោទប្រកាន់ទោសតាំងពីឆ្នាំ ២០០៥។
ស្ថាប័នអយ្យការ បានលើកឡើងថា ជនល្មើសប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាដើម្បីកៀបបង្ខំក្មេងស្រីទាំងនោះ។ វាក៏តែងចាប់បង្ខំពួកគេឲ្យរួមភេទជាមួយខ្លួន និងបង្ហោះរូបភាពជួញដូរផ្លូវភេទតាមអនឡាញផងដែរ។ ជនរងគ្រោះ ៥រូប បានស្ម័គ្រចិត្តសហការដើម្បីចោទប្រកាន់ទោស Brock Franklin ព្រមទាំងបក្សពួករបស់វា។
តាម Jannis Teres នៃការិយាល័យអគ្គអយ្យការ រដ្ឋ Colorado ឲ្យដឹងថា ជនល្មើសរូបនេះ អាចត្រូវជាប់ពន្ធនាគាររយៈពេលដល់ទៅ ៤៧២ឆ្នាំ ហើយនេះជាទោសទណ្ឌជាប់ពន្ធនាគារវែងបំផុតសម្រាប់ឧក្រិដ្ឋកម្មជួញដូរមនុស្ស៕