Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​​តេ​​ជោ ហ៊ុន សែន បាន​ណែនាំ​ថា “​ធ្វើ​ជា​​អ្នក​កាសែត​​កុំ​​ជោរ​!”

ភ្នំពេញ​៖ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដែល​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​យន្តការ​សម្រាប់ អនុវត្ត​ក្នុង​គោលបំណង​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​សារព័ត៌មាន ពង្រឹងគុណភាព និង​ការទទួលខុសត្រូវ​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ។​

​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដែល​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​កន្លង​មក​នោះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សព​លោក ប៉ែន សមិទ្ធិ អតីត​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា អគ្គនាយក​គេហទំព័រ CEN និង​ជា​អតីត​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ល្បីឈ្មោះ​។ លោក ប៉ែន សមិទ្ធិ បាន​លាចាក​លោក​ទៅហើយ​ដោយ​មិន​បានឃើញ​សកម្មភាព​ការងារ​ដ៏​ល្អ​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​ដែល​បាន​បន្ត​និរន្តរ៍ភាព​រហូត​បានទទួល​សារលិខិត​អបអរសាទរ​និង​គាំទ្រ​ពី​មេដឹកនាំ​កំពូល​របស់​ជាតិ​សម្ដេច​តេ​ជោ ហ៊ុន សែន នាពេលនេះ​ទេ​។​

​លោក​ប៉ែន​សមិទ្ធិ អតីត​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា អតីត​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង​ជា​អតីត​អគ្គ នាយក​គេហទំព័រ www.cen.com.kh (Cambodia Express News) ព្រមទាំង​www.thecambodiaherald.com បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ ២០១៥ ដោយ​រោគាពាធ​។ លោក ប៉ែន សមិទ្ធិ ត្រូវបាន​សហគមន៍​អ្នកកាសែត​នៅក្នុង​ប្រទេស​កម្ពុជា តំបន់ និង​ពិភពលោក​ចាត់ទុកថា គឺជា​ស្មេរ​មួយរូប​ដ៏​មាន​ទេពកោសល្យ​អស្ចារ្យ​។ លោក​មិនមែន​ពូកែ​តែ​ជំនាញ​កាសែត​ទេ តែ​លោក​ចេះ​ភាសា​ច្រើន​ទៀតផង​។ លោក ប៉ែន សមិទ្ធិ ចេះ​និយាយ​ភាសា​វៀតណាម​យ៉ាង​ស្ទាត់ជំនាញ យល់ដឹង​ភាសា​រុស្ស៊ី​ខ្លះ ចេះ​ភាសា​អង់គ្លេស​ប្រើការ​បាន យល់​ភាសា​បារាំង​បាន​ខ្លះ និង​ចេះអក្ស​សាស្ត្រ​ខ្មែរ​ច្បាស់លាស់​។ អតីត​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​រូបនេះ ធ្លាប់បាន​ទៅ​សិក្សា​នៅក្នុង​ប្រទេស​វៀតណាម រុស្ស៊ី និង​ធ្លាប់បាន​ទៅ​ទស្សនកិច្ច​សិក្សា​នៅក្នុង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ទ្វីបអាស៊ី និង​អឹ​រ៉ុ​ប​។​

​លោក ប៉ែន សមិទ្ធិ គឺជា​ស្មេរ​ដ៏​ល្អឥតខ្ចោះ​ម្នាក់​។ បទ​វិភាគ​របស់លោក ប្រកបទៅដោយ​ការវិនិច្ឆ័យ​គ្រប់​ជ្រុងជ្រោយ ជាមួយនឹង​ភាសា​ខ្មែរ​គ្មាន​ខុស​វេយ្យាករណ៍​ឡើយ​។ នៅក្នុង​សំណេរ​កាសែត លោក ប៉ែន សមិទ្ធិ បាន​ប្រើ​ឈ្មោះបី​ផ្សេងទៀត​ក្រៅពី​ឈ្មោះ ប៉ែន សមិទ្ធិ គឺ ប៉ែន ផេង , សីហា​ និង សោភ័ណ។ លោក ប៉ែន សមិទ្ធិ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​ក្រមសីលធម៌​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។ ការបាត់បង់​លោក ប៉ែន សមិទ្ធិ ធ្វើអោយ​កម្ពុជា​បាត់បង់​អ្នកតស៊ូ​មតិ​ដ៏​សំខាន់​ម្នាក់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ប៉ែន សមិទ្ធិ បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយជីវិត​ក្នុង​អាជីព​ជា​អ្នកកាសែត​។ លោក​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​សម្របសម្រួលរ​វាង​បណ្តាញ​ព័ត៌មាន​ក្នុង​បរិបថ​នយោបាយ​មួយ ដែល​មិន​សាមញ្ញ​ធម្មតា​។ លោក ប៉ែន សមិទ្ធិ គឺជា​អ្នកកាសែត​មួយរូប​ដែល​គួរអោយ​គោរព​ជាទីបំផុត ពីព្រោះ​លោក​មានចំណេះដឹង​ជំនាញ​សារព័ត៌មាន​ច្បាស់លាស់ និង​មានបទពិសោធន៍​សង្គម​គួរ​ជាទី​កោតសរសើរ​។ លោក ប៉ែន សមិទ្ធិ បាន​បំពេញការងារ​ជា​អ្នកសារព័ត៌មាន​អោយ​កាសែត​ភ្នំពេញ​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩៣​។ ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៥ លោក​ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង​ជា​ម្ចាស់​គេហទំព័រ​ព័ត៌មាន CEN​។ ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៥ លោក​ក៏​ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​ផងដែរ​។ លោក ប៉ែន សមិទ្ធិ ក៏បាន​បង្កើត​គេហទំព័រ cen.com.kh ដើម្បី​បម្រើ​សេចក្ដីត្រូវការ​ផ្នែក​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។ គេហទំព័រ CEN សព្វថ្ងៃនេះ មានអ្នក​ទស្សនា និង​តាមដាន​ជាង​មួយ​លាន​នាក់ នៅក្នុង​ចំណោម​គេហទំព័រ​ព័ត៌មាន​ល្បីៗ​នៅ​កម្ពុជា​។ នៅក្នុង​ក្រសែភ្នែក​មិត្ត​រួម​អាជីព​ទាំង​អ្នកកាសែត​ជើងចាស់ និង​អ្នកកាសែត​ជំនាន់​ក្រោយ លោក ប៉ែន សមិទ្ធិ គឺជា​អ្នកកាសែត​ដ៏​មានបទពិសោធន៍​ម្នាក់ និង​ជាម​នុស្ស​ដែលមាន​អធ្យាស្រ័យ​ល្អ​ជាមួយ​អ្នកកាសែត​ទូទៅ ហើយ​លោក​ថែមទាំង​ចូលចិត្ត​ចែករំលែក​បទពិសោធន៍​ដែល​លោក​មាន​ទាំង​ប៉ុន្មាន​ទៅកាន់​អ្នកកាសែត​ផ្សេងទៀត ដោយ​ឥត​លាក់លៀម​។ លោក​មិនដែល​ចូលប្រឡូក​នៅក្នុង​ឆាកនយោបាយ ហើយក៏​មិន​ធ្លាប់​បញ្ចេញ​ជំហរ​នយោបាយ ក្នុងពេល​ប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន​ដែរ​។​

​លោក ប៉ែន សមិទ្ធិ ពេល​នៅរស់ បាន​បន្សល់ទុក​នូវ​គំរូ​ស្នាដៃ​បទពិសោធន៍​ជាច្រើន​សំរាប់​ការ​នឹករលឹក​របស់​យើង​និង​សំរាប់​ឱ្យ​យើង​រៀនសូត្រ​។ លោក​គឺជា​ឪពុក​មួយរូប​ដែល​បាន​បូជា​ធនធាន​ពេលវេលា​កម្លាំងកាយ និង​កម្លាំង​ប្រាជ្ញា ដើម្បី​ការរីក​ធំធាត់​របស់​កូន​លើ​គន្លង​គុណធម៌ និង​ការរីកចំរើន​របស់​ស​ង្គ​ម​។ មរណភាព​របស់លោក​ប៉ែន​សមិទ្ធិ​ក៏​ជាការ​បាត់បង់​កល្យាណមិត្ត ធ្លាប់​រួមសុខទុក្ខ​ជាមួយគ្នា​ក្នុង​អាជីព​សារព័ត៌មាន​និង​ជា​អ្នក​ដឹក នាំសារ​ព័ត៌មាន​ម្នាក់​ប្រកបដោយ សមត្ថភាព​និង​ចំណេះដឹង​ជ្រៅជ្រះ មានការ​ទទួលខុសត្រូវ ខ្ពស់​និង​មាន​ព្រហ្ម​វិហារធម៌ ព្រមទាំង​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​ដើម្បី​ផលប្រយោជន៍​អ្នក កាសែត​និង​សង្គម​ទាំងមូល​។ មាន​មនុស្ស​ជាច្រើន​នាក់​ដែល​បាន រីក​ធំធាត់​ក្នុង​អាជីព​ជា​អ្នកកាសែត​រហូតមកទល់​ពេលនេះ​ដោយសារ​បានការ​តម្រង់​ណែនាំ និង​បណ្តុះបណ្តាល​ពី​រូបលោក ទោះជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ទោះជា​អ្នកនោះ បានដឹងខ្លួន​ឬ​មិនបាន​ដឹងខ្លួន​ក៏ដោយចុះ​។ លោក​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដើម្បី​ធ្វើអោយមាន​ការរីកចម្រើន​នៃ​វិស័យ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏បាន​ពង្រីក​ទំនាក់ទំនង​និង​លើកកម្ពស់​មុខមាត់​សារព័ត៌មាន​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។ លោក​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថែមទៀតផង។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ ធ្វើឡើង​ក្រោម​ប្រធានបទ សេរីភាព និង​ជំរុញ​ការអភិវឌ្ឍន៍​។ នៅក្នុង​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​៣​ទំព័រ ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ដែល​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ក្លឹប​កាសែត​កម្ពុជា ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ និង​រៀបចំ​យន្តការ​សម្រាប់​អនុវត្ត​ក្នុង​គោលបំណង​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​សារព័ត៌មាន ពង្រឹងគុណភាព និង​ការទទួលខុសត្រូវ​ផ្នែក វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កសាង​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​ចីរភាព​។​

​ក្រោម​ប្រធានបទ សេរីភាព និង​ជំរុញ​ការអភិវឌ្ឍ គឺ​ពិត​ជាមាន​សារសំខាន់​ស្របតាម​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​និង​លើកស្ទួយ​សេរីភាព​ខាង​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ជំរុញ​ការចូលរួម​របស់​សារព័ត៌មាន ក្នុងការ​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព នោះ​គឺជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការគោរព លើកកម្ពស់​យ៉ាង​ហ្មត់ចត់ នូវ​សេរីភាព​សារព័ត៌មាន និង​ការកសាង​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​សម្រេចបាន​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការកសាង​ប្រទេស​កម្ពុជា ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​យ៉ាងពិត​ប្រាកដ​។​

​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ចាត់ទុក​សារព័ត៌មាន គឺជា​ដៃគូ​អភិវឌ្ឍ​មិនអាច​ខ្វះ​បាន និង​បាន​យកចិត្តទុកដាក់​លើកស្ទួយ​វិស័យ​សារព័ត៌មាន ឲ្យ​មានការ​រីកចម្រើន​។ ការបើក​ទូលាយ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បានធ្វើ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​រហូតមកដល់​បច្ចុប្បន្ន ក៏មាន​អង្គភាព​សារព័ត៌មាន​បរទេស ដែល​កំពុងធ្វើការ​ផ្សព្វផ្សាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​

​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​នៅតាម​ស្ថាប័ន និង​ក្រសួង​នានា ប្រមាណ​ជាង​១​ពាន់​នាក់ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ៖ នៅលើ​ពិភពលោក​នេះ គ្មាន​នរណា​ជួប​ជាមួយ​អ្នកកាសែត​ច្រើនជាង​សម្តេច​នោះទេ ព្រោះ​អ្នក​ទាំងនោះ​កាន់តំណែង​តិចជាង​សម្តេច​។ សម្តេច​តេ​ជោ​ប្រសាសន៍ថា សម្តេច​បាន​ជួប​ជាមួយ​អ្នកព័ត៌មាន​តាំងពី​សម្តេច​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មកម្ល៉េះ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​មន្ទីរ ស្ថាប័នរដ្ឋ​នានា ត្រូវ​ចេះ​រៀបចំ​ឲ្យ​មានការ​ផ្តល់ព័ត៌មាន និង បាន​ណែនាំ​ឲ្យ​តែងតាំង​ប្រធាន​មន្ទីរ​ព័ត៌មាន​តាម​បណ្តា​ខេត្ត​នីមួយៗ ធ្វើជា​អ្នកនាំពាក្យ​សម្រាប់​ខេត្ត​នោះ​តែម្តង ដោយ​ត្រូវបង្កើត​គេហទំព័រ និង​ក្រុមការងារ Facebook ដើម្បី​ផ្តល់ព័ត៌មាន​កាន់តែ​ងាយស្រួល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ចូលចិត្ត​និយាយ​អ្វី​ដែលជា​ការពិត ហើយ​ព្រោះតែ​ការនិយាយ​ការពិត​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​សម្តេច​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​រហូតដល់ ៣២​ឆ្នាំ​។ ព័ត៌មាន​ដែល​និយាយ​ការពិត និង​ទាន់​ហេតុការណ៍ ជា​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​អ្នកអាន​ចូលចិត្ត​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ កុំ​ធ្វើជា​អ្នក​អត្ថាធិប្បាយ​ផង ការពារ​ក្តី​ផង និង​ចៅក្រម​កាត់ក្តី​ផង​។ សម្តេច​មានប្រសាសន៍ថា បើ​អ្នកព័ត៌មាន​នោះ​ដើរ​ហួស​ពី​តួនាទី នឹង​ជះឥទ្ធិពល​ទៅដល់​ស្ថាប័ន​តុលាការ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ទៀតថា ធ្វើជា “​អ្នកកាសែត​កុំ​ជោរ​!” ហើយ​បើ​សរសេរ​ព័ត៌មាន​ត្រឹមត្រូវ​កុំ​ខ្លាច​គេ​ប្តឹង​។ បានស្នើ​កុំ​ឲ្យ​មានការ​ដោះដូរ​លុយ​ជា​ថ្នូរ​ជាមួយ​ព័​ត៌​មន ព្រោះ​ព័ត៌មាន​នេះ​មិនអាច​ដោះស្រាយ​បញ្ហា​សង្គម​បាន​នោះទេ គឺ​កំពុង​បង្កើត​អំពើពុករលួយ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​អ្នកព័ត៌មាន​ផ្សាយ​តែ​ការពិត ព្រោះ​សម្តេច​ត្រូវការ​តែ​ការពិត​ប៉ុណ្ណោះ ហើយ​បើ​សរសេរ​ថ្លោះ​ថ្លោ​យ​កុំ​ខ្លា​ចនឹង​ការសរសេរ​កែតម្រូវ​។ ព័ត៌មាន​ត្រូវតែ​ច្បាស់ ហើយ​បើ​សរសេរ​កុំ​ខ្លាច​គេ​ប្តឹង ហើយ​ត្រូវ​ហ៊ាន​កែតម្រូវ​នូវ​ចំណុច​ដែល​ខុស​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ជាថ្មី​ដល់​អ្នកព័ត៌មាន​កុំ​ឲ្យ​មានការ​ដាក់កុង​ត្រូល​ខុសពី​វិជ្ជាជីវៈ ហើយ​បើ​ធ្វើ​ដូច្នោះ​នឹងត្រូវ​វាយខ្នោះ​នៅនឹងកន្លែង​តែម្តង ព្រោះ​ជា​បទល្មើស​ជាក់ស្តែង​។ អ្នកព័ត៌មាន​ត្រូវ​ចេះ​រៀបចំ​សំណួរ​សួរ ដើម្បី​ងាយស្រួល​ក្នុង​ឆ្លើយ កុំ​លើក​មក​វែង​អន្លាយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ពង្រឹង​ការបណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​របស់​អ្នកសារព័ត៌មាន តាមរយៈ​ការបង្កើត​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​។​

​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧នេះ វេទិកានិពន្ធនាយកសារពត័មានកម្ពុជានឹងប្រព្រឹត្តទៅ ធ្វើអោយយើងនឹកដល់មនុស្សម្នាក់ ដែលជាអ្នកផ្តួចផ្តើមគំនិតអោយមាន វេទិកានេះឡើង តែរូបលោកវិញ បានលាចាកលោកនេះអស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ។

​យើងទាំងអស់គ្នា​ចងចាំ​ទុក​នូវ​ពាក្យ​បណ្តាំ​របស់លោក​អំឡុងពេល​ចុងក្រោយ​នៃ​ជីវិត​ត្រូវបាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត​រស្មី​កម្ពុជា ដកស្រង់​ចេញពី​លិខិត​ថ្លែងអំណរគុណ​របស់​ក្រុមគ្រួសារ​សព​លោក ប៉ែន សមិទ្ធិ ដែល​បាន​បញ្ជាក់ថា ៖ “​ប៉ុន្មាន​ថ្ងៃ​មុនពេល​ស្លាប់ លោក​បាន​ខិតខំ​និយាយ​ពាក្យ​បណ្តាំ​ចុងក្រោយ សម្រាប់​មិត្តភក្តិ​រួម​អាជីព​សារព័ត៌មាន​ទាំងអស់ ជាពិសេស​អ្នក​រួមការ​ងារ​នៅ​កាសែត​រស្មី​កម្ពុជា ក្លឹប​អ្នកកាសែត​កម្ពុជា និង​គេហទំព័រ CEN ថា ៖ “​សុខភាព​សំខាន់​ណាស់​ត្រូវខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ​។ សូមអ្នក​សារព័ត៌មាន​យើង​ទាំងអស់​ចេះ​ស្រឡាញ់គ្នា ចេះ​ជួយ​គ្នា និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កុំ​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​កើតឡើង ព្រោះ​ពីថ្ងៃ​នេះ​ទៅ​លោក​មិនអាច​នៅ​ជួយ​ការពារ​បាន​ទៀតឡើយ​”​។​

​ម្យ៉ាងវិញទៀត លោក​ក៏បាន​សំណូមពរ​សូមកុំ​ឲ្យ​មិត្តភក្តិ​ទាំងអស់​មក​ឃើញ​លោក​ដែល​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ទ្រាំទ្រ​និង​ការឈឺចាប់​នៃ​ជំងឺមហារីក នា​ដំណាក់កាល​ចុងក្រោយ​បែបនេះ ។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​មិត្តភក្តិ​រួម​អាជីព​និង​ក្រៅ​អាជីព​ទាំងអស់ មិនបាន​ជួប​មុខ​លោក​មុនពេល​ស្លាប់​។​

​សង្ឃឹមថា យើងទាំងអស់គ្នា​ដែលជា​អ្នកសារព័ត៌មាន​នឹង​ចងចាំ​ទុក​នូវ​បណ្តាំ​ចុងក្រោយ​របស់លោក​ដែល​ធ្លាប់ជា គ្រូ ជា​រៀមច្បង និង​ជា​មិត្ត​រួម​អាជីព ដែល​បាន​ចាកចេញ​ទៅដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​៕ ដោយ​៖ គេហទំព័រ CEN

ខាងក្រោមនេះគឺជាការងារចុងក្រោយរបស់លោកប៉ែន សមិទ្ធិ

×