ម៉ាលី ៖ ក្រុមឧទ្ទាមនៅប្រទេសម៉ាលី បានធ្វើការវាយការប្រហារ មកកម្លាំងចម្រុះជាតិសាសន៍របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកងកម្លាំងយោធាមួកខៀវកម្ពុជា មួយរូបត្រូវគ្រាប់កាំភ្លើងរងរបួសស្រាល ហើយក្នុងនោះ ក៏មានកងកម្លាំងយោធាមួកខៀវប្រទេសនីហ្សេ ចំនួនពីររូបស្លាប់ នៅនឹងកន្លែង និងកម្លាំងយោធាមួកខៀវ១៥រូប ផ្សេងទៀតរងរបួស ដោយឡែកកងកម្លាំងម៉ាលី មួយរូបស្លាប់ និងមួយរូបទៀតរងរបួសផងដែរ។
ការវាយប្រហារនេះ បានកើកឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវេលាម៉ោង៦ព្រឹក ម៉ោងក្នុងប្រទេសម៉ាលី ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ ម៉ោងនៅក្នុងប្រទេសកម្ពុជា។
បើតាមការផ្តល់ព័ត៌មាន ពីសំណាក់កងកម្លាំងមួកខៀវកម្ពុជា ប្រចាំនៅតំបន់បេសកកម្មសាធារណរដ្ឋម៉ាលី បានឲ្យដឹងថា កងកម្លាំងយោធាមួកខៀវ ប្រចាំនៅតំបន់បេសកកម្ម ក្នុងសាធារណរដ្ឋម៉ាលី ដែលហៅកាត់ថា MINUSMA ដែលបោះជំរុំបណ្តោះអាសន្ន នៅតំបន់ Indelimane ស្ថិតក្នុងចម្ងាយ១១០គីឡូម៉ែត្រ ពីតំបន់Asongo បានរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមម៉ាលី។ កងយោធាមួកខៀវ ដែលរងរបួស ក្នុងនោះមានកម្ពុជាមួយរូបដែរ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ របស់របស់កងកម្លាំងអាល្លឺម៉ង់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកម្រិត២ របស់កងយោធាមួកខៀវចិន ប្រចាំនៅក្នុងតំបន់Gao គឺលោកអនុសេនីយ៍ឯក មុំ រិទ្ធី (Mom Rithy) រងរបួសដោយអំបែងគ្រាប់តូចៗនៅដៃ និងជើង ។ អនុសេនីយ៍ឯក មុំ រិទ្ធី មានមុខងារជាខ្មាន់កាំភ្លើង នៅក្នុងកងឯកភាពកម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ១២៣ ក្នុងតំបន់បេសកកម្ម MINUSMA ប្រទេសម៉ាលី។
លោកអនុសេនីយ៍ឯក មុំ រិទ្ធី ជានាយទាហាន ក្នុងកងឯកភាពមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៨២ ។ ស្រុកកំណើតផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់៕ ដោយ៖បញ្ញាស័ក្តិ