Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន បន្ត​ខិតខំ​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​ទ្វេ​ឡើង​

​កំពង់ស្ពឺ​៖ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​ស្នើ​ដល់​មន្ត្រី​ទាំងអស់ ត្រូវតែ​ខិតខំ​បន្ត​ចុះជួយ​ពលរដ្ឋ នៅ​មូលដ្ឋាន​ឈរ​លើ​ស្មារតី​ស្មោះត្រង់ ទទួលខុសត្រូវ​ខ្ពស់ និង​កាន់តែ​សកម្ម​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

​លោក​ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា មន្ត្រី​ទាំងអស់​ត្រូវ​ជួយ​សម្រួល​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ គ្រប់បែប​យ៉ាង​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ធ្វើ​ការរើសអើង ប្រកាន់​និន្នាការ​នយោបាយ លាប​ពណ៌ ចោទប្រកាន់​គ្នា ដែល​អាច​ឈាន​ទៅ​បែកបាក់​សាមគ្គី​ជាតិ​។​

​លោក​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​នៃ​ការបោះឆ្នោត និង​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រឡង​ប្រណាំង ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​គណបក្ស​ស្រុក​សំរោង​ទង ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​សាលប្រជុំ​ធំ​នៃ​មន្ទីរ​បក្ស​ខេត្ត​កំពង់ស្ពឺ ។​

លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិក នៃ​គណបក្ស​ប្រជាជន​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ ក្រោម​ដំបូល​សន្តិភាព និង​ការអភិវឌ្ឍន៍ ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក វ៉ី សំណាង បាន​លើកឡើង​ដោយ​មោទនភាព​ថា លើ​ពិភពលោក​មាន​តែ​ប្រទេស​កម្ពុជា​មួយ​គត់ ដែល​មាន​ប្រជាជន​ទៅ​បោះឆ្នោត​ច្រើនជាងគេ ក្នុង​ខណៈ​ក្រុម​បក្សប្រឆាំង​បាន​ធ្វើ​យុទ្ធនាការ មិន​ឱ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ដូចជា យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ស្អាត ដេក​ផ្ទះ​ឈ្នះ​ឯង ម្រាមដៃ​ស្អាត​។​ល​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនបាន​ធ្វើ​តាម​ឡើយ បែរ​ជា​ទៅ​បោះ​ឆ្នោត​ដ៏​ច្រើន​លើសលុប នេះ​ហើយ​ជា​សេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតៗ តាមរយៈ​ការបញ្ចេញមតិ រួម​ទាំង​ការបោះឆ្នោត​ត​។​

​លោក វ៉ី សំណាង បាន​បន្ថែមថា បន្ទាប់ពី​ទទួល បាន​ជ័យជម្នះ​នេះ រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បម្រើប្រជាជន​ទ្វេដង ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជម្រើស មាន​ជំនឿ​ចិត្តច្រើន​មក​លើ​គណបក្ស​ប្រជាជន និង​ទទួលបាន​គោលនយោបាយ ដ៏​ត្រឹមត្រូវ របស់​គណបក្ស​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​