ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានដកស្រង់អត្ថបទមួយចេញពីកាសែតប្រចាំសប្តាហ៍ Asahi Shimbun របស់ជប៉ុនចុះផ្សាយថ្ងៃទី ២៥/១១នេះឲ្យដឹងថា កូរ៉េខាងជើងបានតែងតាំងលោក Jong Kyong-Thaek សមាជិកគណបក្សយោធាមជ្ឈិម នៃបក្សពលករកូរ៉េ ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ។
កាសែតប្រចាំសប្តាហ៍ខាងលើបានដកស្រង់ប្រភពច្បាស់ការជាច្រើនអំពីកូរ៉េខាងជើង និងថែមទាំងវាយតម្លៃថា ការដែលលោក Jong Kyong-Thaek ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិគឺសមស្របនឹងរបៀបគ្រប់គ្រងរបស់មេដឹកនាំ គីម ជុង-អ៊ុន ដែលស្វែងរកវិធីទប់ស្កាត់កុំឲ្យពួកជំនួយការក្តាប់អំណាចច្រើន។
រដ្ឋមន្ត្រីមុនរបស់លោក Jong Kyong-Thaek គឺលោក Kim Won-hong ត្រូវបានដកហូតដំណែងកាលពីចុងឆ្នាំនេះ ។ កាសែត Tokyo Shimbun របស់ជប៉ុនឲ្យដឹងថា លោក Kim Won-hong ត្រូវបានបញ្ជូនទៅកាន់កសិដ្ឋានមួយនៅក្បែរក្រុងព្យុងយ៉ាង។
ដើមសប្តាហ៍នេះ តំណាងស្ថាប័នចារកម្មជាតិកូរ៉េខាងជើង ក៏ប្រាប់តំណាងរាស្ត្រប្រទេសនេះថា កូរ៉េខាងជើងកំពុងដំណើរការត្រួតពិនិត្យអគ្គស្នងការនយោបាយកងទ័ពប្រជាជនកូរ៉េខាងជើង ហើយមេដឹកនាំស្ថាប័ននេះគឺលោក Hwang Pyong-so រួមជាមួយអនុប្រធាន Kim Won-hong បានរងការដាក់ពិន័យចំពោះបទចោទប្រកាន់ថា “មិនស្អាតស្អំ”។
លោក Choe Ryong-hae អនុប្រធានគណកម្មាធិការមជ្ឈិមបក្ស គឺជាអ្នកដឹកនាំការត្រួតពិនិត្យនេះ៕