ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៤ ក្រោមប្រធានបទ៖ “សេរីភាព និងការទទួលខុសត្រូវរបស់សារព័ត៌មាន ដើម្បីលើកស្ទួយ ប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍន៍” ដែលបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វ៉េ ដែលមានតំណាងឲ្យស្ថាប័នព័ត៌មានទូរទស្សន៍ កាសែត គេហទំព័រ ប្លុក និងហ្វេសប៊ុកផេក ជាដើមចំនួន ៤៥ បានសេចក្តីថ្លែងការណ៍រួមមួយ ក្នុងគោលបំណងលើកកម្ពស់ ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងតួនាទីសារព័ត៌មាន ក្នុងការចូលរួមចំណែក កសាងសង្គមប្រជាធិបតេយ្យ ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាង សន្តិភាពសង្គមកម្ពុជា។
សេចក្តីថ្លែងការណ៍រួម របស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ដែលមានចំនួន ៩ ចំណុចធំៗនោះ មានខ្លឹមសារថា “ថ្ងៃនេះ គឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យើងទាំងអស់គ្នា ជានិពន្ធនាយក និងជាតំណាង នៃសារព័ត៌មានផ្នែកបោះពុម្ព ផ្នែកផ្សាយតាមរលកអាកាស ព្រមទាំងអនឡាញ (Online) មានចំនួន៧៦រូប តំណាងឲ្យស្ថាប័នព័ត៌មានចំនួន ៤៥ ដូចមានបញ្ជីឈ្មោះ និងហត្ថលេខាភ្ជាប់មកជាមួយសេចក្តីថ្លែងការណ៍រួមនេះ បានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៤ ដើម្បីពិភាក្សាប្រធានបទស្តីពី “សេរីភាព និងការទទួលខុសត្រូវ របស់សារព័ត៌មាន ដើម្បីលើកស្ទួយប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍ”។ សេចក្តីថ្លែងការណ៍រួមនេះ មានគោលបំណង លើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងតួនាទីសារព័ត៌មាន ក្នុងការចូលរួមចំណែក កសាងសង្គមប្រជាធិបតេយ្យ ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាង សន្តិភាពសង្គមកម្ពុជា តាមរយៈការរាយការណ៍ព័ត៌មានពិត ជាក់ស្តែង ទៅតាមស្ថានភាពវិវឌ្ឍន៍របស់សង្គម ប្រកបដោយ ការទទួលខុសត្រូវខ្ពស់។
ឆ្លងតាមការពិភាក្សាលើប្រធានបទនេះ វ.ន.ស.ក សរុបបាននូវបញ្ហា ទស្សនៈវិស័យ បទពិសោធន៍ និងអនុសាសន៍ជាច្រើន ដែលក្នុងនោះ វ.ន.ស.ក សម្រេចនូវគោលការណ៍ និងការទទួលខុសត្រូវមួយចំនួនដូចខាងក្រោម៖
១. វ.ន.ស.ក ផ្តល់តម្លៃខ្ពស់ដល់សេរីភាពសារព័ត៌មាន ពីព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការបំពេញវិជ្ជា ជីវៈរបស់អ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានសម្បូរបែប និងមានតុល្យភាពដល់មហាជន។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវខិតខំការពារឲ្យបាននូវសេរីភាពជាមូលដ្ឋាននេះទោះក្នុងស្ថានភាពណាក៏ដោយ។
២. វ.ន.ស.ក យល់ឃើញថា អ្នកសារព័ត៌មានត្រូវបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី ស្របតាមមនសិកាវិជ្ជាជីវៈ ដើម្បីលើកកម្ពស់តម្លៃសារព័ត៌មាន នៅកម្ពុជាពិតប្រាកដ។ ក្នុងន័យនេះ អ្នកសារព័ត៌មាន ដែលប្រកបការងារ តាមវិជ្ជាជីវៈត្រឹមត្រូវ គួរត្រូវបានលើកទឹកចិត្ត និងទទួលបានការការពារ ក្នុងការបំពេញការងារ ដោយចៀសផុតពីសម្ពាធ ឬការធ្វើទុក្ខបុកម្នេញផ្សេងៗ។
៣. វ.ន.ស.ក យល់ឃើញថា សារព័ត៌មានមានតួនាទីសំខាន់ ចាំបាច់ មិនអាចខ្វះបាន ក្នុងសង្គមប្រជាធិបតេយ្យ។ គ្មានសារព័ត៌មាន គ្មានប្រជាធិបតេយ្យ និងគ្មានយន្តការធានាឲ្យមានតម្លាភាពក្នុងសង្គម ឡើយ។ វ.ន.ស.ក លើកទឹកចិត្ត ឲ្យមានស្ថាប័នសារព័ត៌មានច្រើន ក្នុងប្រទេសកម្ពុជា ដើម្បីធានាភាពចម្រុះនៃព័ត៌មាន និង ភាពចម្រុះ នៃការបញ្ចេញមតិ។
៤. វ.ន.ស.ក យល់ឃើញថា ដើម្បីពង្រឹងសេរីភាពសារព័ត៌មាន នៅកម្ពុជា អ្នកសារព័ត៌មាន ឬស្ថាប័នសារព័ត៌មាននីមួយៗ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀត លើការទទួលខុសត្រូវ ចំពោះសេចក្តីរាយការណ៍ព័ត៌មាន របស់ខ្លួន ដើម្បីធានាថា ជាព័ត៌មានពិត គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងមិនមែនធ្វើឡើង ក្នុងចេតនាអាក្រក់ណាមួយ ឬក្នុងគោលដៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។
៥. វ.ន.ស.ក យល់ឃើញថា អ្នកសារព័ត៌មាន ឬស្ថាប័នសារព័ត៌មានគួរធ្វើជាគំរូគេ ក្នុងការគោរពច្បាប់ជាធរមាន និងការបំពេញកាតព្វកិច្ចផ្សេងៗ ដែលច្បាប់បានតម្រូវ ដើម្បីលើកតម្លៃខ្លួនឯង ចៀសវាងបញ្ហាកើតមានជាយថាហេតុណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័នសារព័ត៌មាន។
៦. វ.ន.ស.ក យល់ឃើញថា ក្នុងបរិបទ ដែលប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយកំពុងត្រូវការអភិវឌ្ឍន៍ឆ្ពោះទៅមុខ សារព័ត៌មានត្រូវចូលរួមកសាងវប្បធម៌សន្តិភាព អហិង្សា និងការរិះគន់បែបស្ថាបនា និងការផ្សះផ្សាបង្រួបបង្រួមជាតិ។
៧. វ.ន.ស.ក យល់ឃើញថា អ្នកសារព័ត៌មានគួរបង្កើនការប្រុងប្រយ័ត្ន ពិនិត្យពិច្ច័យ ផ្ទៀងផ្ទាត់ និងថ្លឹងថ្លែង មុនចេញផ្សាយដើម្បីធានាថា ព័ត៌មានរបស់ខ្លួនពិត និងមិនខុសក្រមសីលធម៌វិជ្ជាជីវៈ មិនបំពានសិទ្ធិអ្នកដទៃ និងមិនបំពានច្បាប់ ។ល។ គឺជាកិច្ចការរបស់អ្នកសារព័ត៌មាន គឺមិនមែនជាការខ្លាច ឬមិនមែនជាការបាត់បង់សិទ្ធិ សេរីភាពនោះទេ។ ផ្ទុយទៅវិញ ការបង្ហាញថា ខ្លួនហ៊ាននិយាយ តែជាការនិយាយមិនទទួលខុសត្រូវ ឬនិយាយក្នុងចេតនាបង្ខូចបង្កាច់អ្នកដទៃ មិនចាត់ទុកជាភាពក្លាហានរបស់អ្នកសារព័ត៌មានឡើយ។
៨. វ.ន.ស.ក គាំទ្ររាល់គំនិតផ្តួចផ្តើម ដែលនិយាយអំពីសារព័ត៌មានសន្តិភាព ហើយយើងចូលរួមយ៉ាងសកម្មក្នុងការបណ្តុះគំនិតសន្តិភាព និងអហិង្សានៅក្នុងសង្គមកម្ពុជាដើម្បីលើកកម្ពស់សន្តិភាព ទាំ
ងផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។
៩. វ.ន.ស.ក សូមថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ញើសារអបអរសាទរដល់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៤ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជំហរថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកស្ទួយសេរីភាពសារព័ត៌មាន និងចាត់ទុកសារព័ត៌មានជាដៃគូសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ ប្រទេសប្រកបដោយតម្លាភាព និរន្តរភាព និងការទទួលខុសត្រូវ។ វ.ន.ស.ក សូមស្វាគមន៍ចំពោះជំហររបស់រាជរដ្ឋាភិបាល”៕ ដោយ៖កូឡាប