ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងចំអកដាក់គណបក្សប្រឆាំងថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជាគឺ សាមគ្គីភាព ហើយអ្នកដែលចង់បំបែកបំបាក់ គណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺកំពុងតែបែកបាក់ខ្លួន និងរលាយដោយខ្លួនឯង រត់ចោលស្រុក។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា” បក្សប្រឆាំងបានត្រឹមតែញូស ហើយបើសិនជាកម្មករកម្មការិនីមិនទៅធ្វើការ ហើយយើងមិនបើកឱកាសឲ្យគេទៅ ហើយខិតខំសម្របជាប់ឲ្យគេ តើពួកគេអាចនៅធ្វើការនៅប្រទេសថៃបានទេ ។ ឥឡូវគេខំប្រឹងណាស់ ខ្ញុំសូមប្រាប់អ្នកឯងថា អ្នកឯងគិតថាប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ នឹងដេញពលករខ្មែរត្រឡប់មកស្រុក ។ ឥឡូវសូមផ្តាំទៅក្រុមបក្សប្រឆាំង បន្តិចទៀត គេដេញចេញ ក្នុងពេលកំពុងសម្ងំនៅក្រុងបាងកក ។ ប៉ុន្មានថ្ងៃនេះ នាំគ្នាខំរត់ ហើយគ្មាននរណាគេទៅចាប់ខ្លួននោះទេ ។ ចំណែកអ្នកដែលមិនហ៊ានចុះចូល គឺខ្លាចពាក្យសម្បថ ដោយសារតែស្បថធ្ងន់ៗពេក ទើបបានជាមិនហ៊ានចូល ដូច្នេះកុំខ្លាចសម្បថ នាំក្នាចូលមក និងផ្តល់ឱកាសឲ្យបានធ្វើការងាររួមគ្នា ។ ក្រុមបក្សប្រឆាំងមិនអាចប៉ាន់ស្មានជំហានដើររបស់សម្តេចហ៊ុន សែន បានទេ សូម្បីតែមន្ត្រីនៅក្នុងជួររដ្ឋាភិបាល ក៏មិនអាចស្មានបានដែរ ។ គោលការណ៍រួមមានហើយ ប៉ុន្តែយុទ្ធវិធីដាច់ដោយឡែកពីគ្នា ហើយមានក្រុមមនុស្សមួយចំនួន បាននិយាយថា ឥឡូវនេះសម្តេចហ៊ុនសែនលែងជឿងនរណាទាំងអស់ ក្រុមនេះបានធ្វើការតាមដាន សម្តេច ស ខេង តាមដាន ឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង ថែមទៀត”។
សម្តេចតេជោ ក៏បានផ្តាំទៅក្រុមមនុស្សបក្សប្រឆាំងថា “មួយជីវិតរបស់គណបក្សប្រជាជនកម្ពុជា ខ្លាំងជាងគេ គឺសាមគ្គីភាព ។ បើសិនជាពួកលោកឯងមិនទាន់ច្បាស់ទេ ប្រឹងរៀនសូត្របទពិសោធន៍របស់គណបក្សប្រជាជន ពីព្រោះថាសមាជិកនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានរស់នៅនិងរួមរស់ជាមួយគ្នា យ៉ាងសុខសាន្ត លើកលែងប្រព្រឹត្តកំហុសព្រហ្មទណ្ឌ មិនអាចជួយបានទេ ដូចជាជួញដូរគ្រឿងញៀន កាប់សម្លាប់គេ ប្រព្រឹត្តបទល្មើសពុករលួយ រំលោភលើគេ គឺមិនអាចជួយបានទេ ប៉ុន្តែមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលកំពុងធ្វើការងារបានរួមរស់ជាមួយគ្នា ។ សម្តេចបានបញ្ជាក់ថា មានគេនិយាយថា មន្ត្រីគណបក្សប្រជាជនកម្ពុជា កំពុងមានការបែកបាក់ ហើយការបែកបាក់បានត្រឹមតែឮការបែកបាក់ចាប់តាំងពីចេញដំណើរពីឆ្នាំ៧៩ រហូតដល់មកដល់ពេលនេះ ប៉ុន្តែគណបក្សប្រជាជនកាន់តែរឹងមាំ។ សម្តេចតេជោ បញ្ជាក់ថា មានតែពួកលោកឯងទេ ដែលកំពុងបែកបាក់ ហើយកុំព្យាយាមវាយប្រហារគណបក្សប្រជាជនកម្ពុជា ក្រែងលោវាងាប់ខ្លួនឯង”។
សម្តេចតេជោ ហ៊ុន សែន គឺប្រតិកម្មតបទៅនឹងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដែលទើបនឹងរំលាយចោល ក៏ដូចជាទណ្ឌិត សម រង្ស៊ី ដែលបានលើកឡើងថា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាកំពុងមានការរង្គោះរង្គើ។
ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មួយជីវិតរបស់គណបក្សប្រជាជនកម្ពុជាខ្លាំងជាងគេ គឺសាមគ្គីភាព។ បើពួកលោកឯងមិនទាន់ច្បាស់ទេ ប្រឹងរៀនសូត្របទពិសោធន៍គណបក្សប្រជាជនកម្ពុជាទៅ គេនៅជាមួយគ្នា គេរស់ជាមួយគ្នា។ កុំតែធ្វើកំហុសព្រហ្មទណ្ឌ គឺជួយអត់បានទេ ដូចជា ជួញដូរគ្រឿងញៀន កាប់សម្លាប់គេ ប្រព្រឹត្តបទល្មើសពុករលួយ រំលោភលើគេ គឺមិនអាចជួយបានទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ចាប់តាំងពីគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺមានពាក្យញុះញង់ជាច្រើនថា គណបក្សនេះបែកបាក់ផ្ទៃក្នុង តែចុងបញ្ចប់ក្រុមអ្នកព្យាយាមបំបែកបំបាក់នោះតែងតែរលាយខ្លួនឯងទៅវិញ៕ ដោយ៖កូឡាប