ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសឆក់កាបូបស្ពាយ ពីស្ត្រីវ័យក្មេងម្នាក់ សរុបលុយនិងគ្រឿងអលង្កា ជិត១ម៉ឺនដុល្លារ ។ ជនសង្ស័យដែលជាសិស្សវិទ្យាល័យឥន្ទ្រទេវី ត្រូវបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី៩ខែកញ្ញា ដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ម៉ាក MK ពណ៌ ស សរុបលុយនិងគ្រឿងអលង្កា ជិត១ម៉ឺនដុល្លារ) នៅចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ១១០ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង១៥និង២០នាទី។ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២និង ២០នាទី នៅចំណុចមុខផ្សារ TK ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថា ជនសង្ស័យឈ្មោះស្រេង ហេងពី ហៅពី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HA-1939 ។ ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបានៈ ទូរស័ព្ទដៃម៉ាកNOKIA ចំនួន១ កូនកាបូបដៃតូចមានរូបកូនដំរី ពណ៌ឈាមជ្រូកចំនួន ១, ប្រាក់ដុល្លារចំនួន៣.០០០ដុល្លារអាមេរិក, ខ្សែកធ្វើពីលោហធាតុ ពណ៌លឿងស្លេក មួយខ្សែមានបន្តោងចំនួន២, បន្តោងតូចរាងបេះដូងធ្វើពីលោហធាតុ ពណ៌លឿងស្លេក និង បន្តោងដាំត្បូង ពណ៌ស ធំចំកណ្តាលនិងមានត្បូងតូចៗជុំវិញចំនួន១២គ្រាប់, ចិញ្ជៀនផ្លាកទីន មានដាំត្បូងពណ៌ស ចំនួន ៣គ្រាប់, ខ្សែដៃធ្វើពីលោហធាតុ ពណ៌ស មានដាំត្បូង ពណ៌ស ចំនួន ៣១គ្រាប់។
ជនរងគ្រោះឈ្មោះ ចាង គឹមណៃ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងសំអាង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ