បុរសសញ្ជាតិអូស្ត្រាលី២រូប និងសុនក១ក្បាល បានស្ថិតនៅលើដំបូលរថយន្តពេញ ៥ថ្ងៃ ក្រោយពេលរថយន្តរបស់ពួកគេត្រូវជាប់គាំងនាតំបន់បឹងល្បាប់ ហើយត្រូវហ៊ុមព័ទ្ធដោយហ្វូងក្រពើទឹកប្រៃ។
ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅថ្ងៃទី ១៧/១១ គ្រា Charlie Williams អាយុ ១៩ឆ្នាំ រួមជាមួយ Beau Bryce-Maurice អាយុ៣៧ឆ្នាំ បាននាំគ្នាទៅស្ទូចត្រីនៅតំបន់ Kimberly ដ៏រហោរស្ថាន នៅប៉ែកពាយ័ព្យ អូស្ត្រាលី។ ចៃដន្យរថយន្តពួកគេ បានជាប់គាំងនៅតំបន់បឹងល្បាប់១ ជិតឆ្នេរសមុទ្រ ហើយតែងរកការលិចលង់នឹងជោរឡើង។
អ្នកទាំង២ ព្រមទាំងសុនក Mindee ដែលពួកគេនាំយកតាមបង្ខំចិត្តត្រូវឡើងទៅលើដំបូលរថយន្ត ពេលដែលទឹកជោរចូលក្នុងនោះ។ ស្របពេលទឹកជោរឡើងហ្វូងក្រពើទឹកប្រៃក៏មានឱកាសបោះពួយហែលក្រឡឹងជុំវិញ “អាហារដ៏កម្រ”ទាំង៣នេះ។
អ្នកទាំង២ត្រូវប្រើប្រាស់ភួយ និងកន្សែងមករុំជុំវិញខ្លួន និងសុនកផងដែរ ដើម្បីទប់ទល់នឹងពន្លឺព្រះអាទិត្យដ៏ក្តៅហែងអស់រយៈពេល ៤ថ្ងៃ។ ពួកគេក៏បានឆ្លៀតថតបណ្តាំផ្តាំផ្ញើបង្ការស្ថានភាពត្រូវរងគ្រោះដល់ជីវិត។
Bryce-Maurice ចែករំលែកថា “ខ្ញុំនឹង Charlie កំពុងស្លាប់បន្តិចម្តងៗ។ គ្មានអ្នកណាឃើញពួកខ្ញុំ ទោះបីឮស្នូរយន្តហោះ ហោះកាត់ម្តងម្កាលក្តី។ រាល់ពេលយន្តហោះ ហោះទៅផុតនោះ អ្នកពុំអាចយល់បានភាពអស់សង្ឃឹមរបស់ពួកខ្ញុំបែបណាទេ។
សំណាងល្អដែលអ្នកជិតខាងរស់នៅក្បែរពួកគេនាជ្រោយកោះ Dampier បានរាយការណ៍ប្រាប់សមត្ថកិច្ច បន្ទាប់ពី ២ថ្ងៃក្រោយពេលពុំឃើញពួកគេវិលមកវិញ។
ដល់ល្ងាចថ្ងៃទី ២១/១១ កម្លាំងសង្គ្រោះបានរកឃើញពួកគេ និងសុនកមួយក្បាលនោះនៅលើជ្រោយកោះ Dampier ចម្ងាយពីទីក្រុង Broome ប្រមាណ ១០០គីឡូម៉ែត្រ ភាគខាងជើង ស្ថិតក្នុងស្ថានភាពខ្សោះកម្លាំង បាត់បង់ជាតិទឹក និងក្តៅខ្លួន។
ប៉ូលិស Mark Balfour រំលឹកប្រាប់ថា “ពួកគេស្ថិតនៅតំបូលឡានច្រើនថ្ងៃ ហើយទឹកជោរឡើងដល់ទៅ ៦លើក ធ្វើឲ្យជិតលិចរថយន្ត។ គ្រាឃើញពួកខ្ញុំពិតណាស់ពួកគេត្រេកអរយ៉ាងខ្លាំង៕ ដោយ៖ អាទិត្យ