ខេត្តកំពង់ចាម ៖ យុវជនម្នាក់ ក្នុងចំណោមជាច្រើននាក់ បាននាំគ្នាទៅហែលទឹកលេង បណ្តាលឲ្យលង់ទឹកស្លាប់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥និង១៥នាទី នៅចំណុចស្ពានដែក ស្ថិតនៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ចយើងបានទទួលបានព័ត៌មានពី ឈ្មោះ ផេង បូរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ថាមានឈ្មោះ យ៉ាវ គង់អ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវជាមិត្តភក្តិរបស់ខ្លួន បានលង់ទឹកហើយបាត់ នៅចំណុចខាងលើ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា យុវជនដែលស្លាប់ ដោយសារមូលហេតុ នាំគ្នាទៅហែលទឹកលេងនៅទីនោះ ទើបបណ្តាលឲ្យលង់ស្លាប់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កោះទន្ទឹម ចុះធ្វើការរុករកហើយបាន
ឃើញសាកសព ជនរងគ្រោះនៅក្បែរនោះ ចម្ងាយប្រមាណជា៥០ម៉ែត្រ ។
បច្ចុប្បន្នសពជនរងគ្រោះ សមត្ថកិច្ចយើងបានប្រគល់ជូន ក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្យ៕ ដោយ ៖ បញ្ញាស័ក្តិ