តាកែវ ៖ លទ្ធផលប្រលងទុតិយភូមិ ឬបាក់ឌុបសម្រាប់មណ្ឌលខេត្តតាកែវ បានប្រកាសចេញជាលទ្ធផលហើយ សម្រាប់ឆ្នាំ ២០១៨នេះ ដោយលទ្ធផលបានបង្ហាញថា មានបេក្ខជនជាប់និទ្ទេសA ចំនួន១៥នាក់ មានការកើនឡើងប្រមាណ៩០ភាគរយ បើប្រៀបធៀបទៅនិងឆ្នាំ២០១៧កន្លងមក ដែលមានសិស្សជាប់និទ្ទេសA តែ៨នាក់ប៉ុណ្ណោះ។
លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអបរំយុវជននិងកីឡាខេត្តតាកែវបានថ្លែងថា នៅក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ«បាក់ឌុប»ឆ្នាំ២០១៨នេះ លទ្ធផលនៃការប្រឡងបានបង្ហាញថា អាត្រាសិស្សជាប់មានចំនួន៥៧០៣នាក់ បើគិតជាភាគរយមានចំនួន៥៣,៨០ភាគរយ ភាគរយក្នុងចំណោមសិស្សដែលចូលរួមប្រឡងប្រមាណ១ម៉ឺន៧រយនាក់។ ដោយក្នុងនោះសិស្សទទួលបាននិទ្ទេសA ១៥ នាក់ ឈរនៅលំដាប់ថ្នាក់ទី៥សម្រាប់ខេត្តទូទាំងប្រទេស។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានថ្លែងបន្តថា អាត្រាប្រឡងជាប់នៅក្នុងឆ្នាំនេះមានការកើនឡើងប្រមាណជាង៤,១ភាគរយ បើប្រៀបធៀបធៀបទៅនិងឆ្នាំ២០១៧កន្លងមកដែលមានសិស្សជាប់ប្រមាណតែ៤៩ភាគរយប៉ុណ្ណោះ ដោយឡែកសិស្សជាប់និទ្ទេសA ក៏មានការកើនឡើងចំនួន៧នាក់ ពោលនៅឆ្នាំ២០១៧ មានសិស្សចាប់និទ្ទេសចំនួន៨នាក់ ហើយនៅឆ្នាំ២០១៨នេះសិស្សជាប់និទ្ទេសឡើងរហូតដល់១៥នាក់។ ក្នុងចំណោមសិស្សជាប់និទ្ទេសAទាំង១៥នាក់ គឺសិក្សានៅវិទ្យាល័យក្រុងស្រុកទាំង១០ក្នុងខេត្តតាកែវ ពោលគឺមិនមានក្រុងស្រុកណាមួយដែលគ្មានសិស្សមិនជាប់និទ្ទេសAនោះទេ។
យុវជន ចូវ សូវហាក់ បានសំដែងនូវក្ដីសប្បាយរីករាយរបស់ខ្លួនខណៈពេលដែលប្រឡងជាប់បាននិទ្ទេសD ហើយខ្លួនមានក្ដីរំពឹងថានិងប្រឡងជាប់ចូលនៅសាលាតិចណូ។ យុវជនរូបនេះក៏បានសំដែងការកោតសសើរចំពោះក្រសួងអប់រំយុវជននិងកីឡា ដែលពង្រឹងគុណភាពអប់រំតាមរយៈ កំណែទម្រង់ឲ្យមានការប្រឡងតឹងរឹងដែលនាំឲ្យសិស្សានុសិស្សមានការខឹតខំរៀនសូត្រ។
គួបញ្ជាក់ថា នៅក្នុងឱកាស់អញ្ជើញចូលរួមកាត់ស្រោមលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ«បាក់ឌុប»នៅព្រឹកមិញនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានធ្វើការលើកទឹកចឹត្តដល់សិស្សដែលប្រឡងធ្លាក់ឲ្យព្យាយាមសាជាថ្មី ហើយកុំមានការអន់ស្រពន់ចឹត្តឬបាក់ទឹកចឹត្តឲ្យសោះ។ ដោយឡែកចំពោះអ្នកដែលប្រឡងជាប់ត្រូវប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសមត្ថភាពរបស់សង្គម៕ តាកែវ