កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បុរសម្នាក់នៅក្នុងប្រទេសុរស្ស៊ី បានជួបគ្រោះថ្នាក់ដ៏សាហាវ នៅពេលដែលបំពង់ដែកមួយបានបុកទម្លុះកញ្ចក់រថយន្ត និងបន្តទម្លុះទ្រូងផ្នែកខាងឆ្វេងរបស់គាត់ធ្លាយពីម្ខាងទៅម្ខាងគួរឲ្យស្លុតរន្ធត់បំផុត ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះអាយុ ៣១ ឆ្នាំ ដែលពុំត្រូវបានបញ្ចេញឈ្មោះ ត្រូវបានចាក់ទម្លុះដោយបំពង់ដែកដ៏វែងមួយ បន្ទាប់ពីបើករថយន្ត Audi A3 របស់គាត់ ចូលក្នុងកន្លែងគ្រឿងសម្ភារៈនៃយានដ្ឋានមួយកន្លែង នៅក្នុងទីក្រុង Arctic នៃ Norilsk ។
បុរសនេះត្រូវបានគេរាយការណ៍ថា បានបាត់បង់សួត ជាលទ្ធផលនៃគ្រោះថ្នាក់ដ៏សាហាវនេះ ប៉ុន្តែ ត្រូវបានរំពឹងថានឹងនៅមានជីវិត បន្ទាប់ពីក្រុមគ្រូពេទ្យវះកាត់បានគ្រប់គ្រងយកចេញបំពង់ដែកនោះ ដែលស្ទើរតែប៉ះទង្គិចនឹងបេះដូងរបស់គាត់ ។
ជនរងគ្រោះបន្សល់ទុកនូវប្រហោងមួយ កាត់តាមទ្រូងខាងឆ្វេងរបស់គាត់ បន្ទាប់ពីត្រូវបានចាក់ដោតដោយបំពង់ទទឹង ៣ អ៊ីង (៧ សង់ទីម៉ែត្រ) នៅក្នុងអំឡុងពេលនៃគ្រោះថ្នាក់រថយន្តនេះ នៅក្នុងប្រទេសរុស្ស៊ី ។
ប្រភពពីមន្ទីរពេទ្យនិយាយថា គាត់នៅតែស្ថិតក្នុងលក្ខខណ្ឌ «ធ្ងន់ធ្ងរ» នៅឡើយនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
ប៉ូលីសបានសន្និដ្ឋានជំហានដំបូងថា បុរសនេះអាចស្រវឹងស្រា នៅពេលគាត់បើករថយន្តបង្កគ្រោះថ្នាក់ដល់ខ្លួនឯងដ៏សាហាវបែបនេះ ប៉ុន្តែ ឥឡូវនេះ បានបដិសេធការស្រវឹងជាមូលហេតុ ។ ទោះយ៉ាងណា គេពុំទាន់ដឹងច្បាស់ថា តើបុរសនេះបើកបររថយន្តបាត់បង់ម្ចាស់ការយ៉ាងដូចម្តេចនោះទេ ៕ ឧត្តម (allworldreport)