បាត់ដំបង៖ វាពិតជាសាហាវណាស់ កាលបីគេបានឃើញបុរសម្នាក់បានដាច់ក្បាលធ្លាក់ពីលើអង្រឹង ក្រោយពីត្រូវបងថ្លៃលួចកាប់ ដោយសារតែខឹងប្អូនថ្លៃជេរប្រមាថឪពុក។
អំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុច ក្រុមទី៣ ក្នុងភូមិជ័យជំនះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ុង តុណា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុបង្កឡើងដោយជន។ ចំណែកជនសង្ស័យជាឃាតកឈ្មោះ ហៀង វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុជាមួយគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាព ដោយយកពូថៅទៅកាប់ជនរងគ្រោះដែលកំពុងដេកលើគ្រែក្រោមផ្ទះឪពុកខ្លួន (ជនសង្ស័យ) បណ្តាលឲ្យដាច់កស្លាប់ ដោយសារតែជនសង្ស័យរូបនេះ ខឹងនឹងជនរងគ្រោះដែលជាប្អូនថ្លៃ ជេរប្រមាថរកសម្លាប់ឪពុកខ្លួន។
បច្ចុប្បន្នសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកបវេល កសាងសំណុំរឿង ចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ