Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​បានគ​ដូច​ភ្នំ នៅ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ នា​ភូមិ​ប៉ប្រ៉​កខាងជើង​

​ភ្នំពេញ​ ៖ នៅក្នុង​តំបន់​មួយ​នា​ភូមិ​ប៉ប្រ៉​កខាងជើង ក្នុង​តាមផ្លូវ​បេតុង សំរាម​បានគ​ដូច​ភ្នំ នៅ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ​មិនឃើញ​មាន​ក្រុម​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ទៅ​ប្រមូល​សំរាម​ចេញ​ពី​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ។

​ករណី​សំរាម​នេះ​នៅតែ​ជា​ប្រធានបទ​ក្តៅ​នៅឡើយ មិន​ថា ផ្លូវ​តូច ឬ​ផ្លូវ​ធំ​ទេ រយៈពេល​ចុងក្រោយ​នេះ សំរាម ហាក់ដូចជា បាន​​ក្លាយ​ជា​វិបត្តិ​ឡើងវិញ​។​

​កន្លែង​ខ្លះ មួយអាទិត្យ ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​យក​សំរាម​តែម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ស៊ិន​ទ្រី យក​លុយ​រាល់​ខែ តាមរយៈ​វិក្កយបត្រ រួម​​ជាមួយ​វិក្កយបត្រ​ភ្លើង​។​

​ករណី​សំរាម​នៅ​គរ​ទុកចោល​ពេញ​មុខ​ផ្ទះ​នេះ ប្រជាពលរដ្ឋ​ម្នាក់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រមាណ​ជា​កន្លះ​ខែ​មក​ហើយ មិនដែល​ឃើញ​រថយន្ត​ស៊ីន​ទ្រី មក​ប្រមូល​សំរាម​នោះទេ ​បាន​ធ្វើ​ឲ្យសំរាម​ឡើង​ស្អុយរលួយ កកើត​ជា​ដង្កូវ​វារ​ពេញ​មុខ​ផ្ទះ ។ ប្រជាពលរដ្ឋ បាន​បន្តថា បើ​ក្រុម​មិន​មក​ប្រមូល​សំរាម​បែបនេះ ​តើ​ឲ្យ​ប្រជាពលរដ្ឋ យក​សំរាម​ទៅ​បោះចោល​នៅ​កន្លែង​ណា បើ​គ្មាន​កន្លែង​ផង មាន​តែ​ប្រជាពលរដ្ឋ​ជិះ​យក​សំរាម ​ទៅ​បោះចោល​ដោយ​ខ្លួនឯង នៅ​ទីលាន​ចាក់​សំរាម នៅ​ខណ្ឌ​ដង្កោ​ហើយ​មើលទៅ​។

ប្រភព​ដដែល​បាន​បន្តថា បើសិនជា​ក្រុមហ៊ុន​ស៊ីន​ទ្រី ​គ្មាន​សមត្ថភាព​មក​ប្រមូល​សំរាម​នោះទេ ដាក់​ពាក្យសុំ​ឈប់​ទៅ ទុក​ឲ្យ​ក្រុមហ៊ុន​ផ្សេង ដែល​មាន​សមត្ថភាពមក​ធ្វើ​ម្តង​។

​ប្រជាពលរដ្ឋ បាន​និយាយថា ហេតុផល ដែល​នាំឲ្យ កើតមាន គំនរ​សំរាម រាយប៉ាយ​បែបនេះ គឺ​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​ទុក​ដាក់​នៅ​ខាង​មុខ​ផ្ទះ លើ​ចិញ្ចើម​ផ្លូវ ដើម្បី​សម្រាប់​ទុក​ស៊ីន​ទ្រី មក​ប្រមូល​យក​ទៅ​ចាក់ចោល ប៉ុន្តែ​ស៊ីន​ទ្រី​អត់​មក​យក ​ចេះ​តែ​ធ្វើឲ្យ​សំរាមគ​កាន់តែ​ច្រើនឡើងៗ ដែល​ជះ​ក្លិនស្អុយ ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ។ ​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ម៉ៅការ​ខាង​ប្រមូល​សំរាម មិន​យក​សំរាម​ទៀងទាត់​។​

​ដូច្នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​សំរាម ក្រុមហ៊ុន​ស៊ិន​ទ្រី ត្រូវ​ចាត់​កំលាំង ទៅ​ប្រមូល​សំរាម តាម​ផ្ទះ​ប្រជាពលរដ្ឋឲ្យ​ទៀងទាត់ មួយ​ថ្ងៃ​ម្តង ​ឬ​ពី​ថ្ងៃ​ម្តង ជាប្រចាំ​។

​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់ អាជ្ញាធរ​សមត្ថកិច្ច ត្រូវតែ​ដាក់​វិធាន រឹតបន្តឹង​ដល់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវតែ​ដាក់​កម្លាំង ចុះ​ប្រមូល​សំរាមឲ្យ​ទៀងទាត់​។ បើសិនជាស៊ិន​ទ្រី មិន​មាន​លទ្ធភាព​ប្រមូល​សំរាម​ឲ្យ​ទៀងទាត់​ទេ អាជ្ញាធរ​ភូមិ​ឃុំ​សង្កាត់ ត្រូវ​ចាត់​កម្លាំងរបស់ខ្លួន ដើម្បី​ប្រមូលសំរាម ហើយ​យកលុយ​ថ្លៃ​សេវា ជំនួស​ស៊ីន​ទ្រី​តែម្តង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

    

×