ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃសុក្រ ០៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើការក្រើនរំលឹកដល់មន្ទីរពាក់ព័ន្ធ និងអភិបាលក្រុងស្រុកទាំងអស់ត្រូវបន្តតាមដានអំពីបច្ចុប្បន្នភាពនៃស្ថានភាពអាកាសធាតុ ស្ថានភាពកម្ពស់ទឹក ទ្វារទឹក និងទំនប់បង្ហៀរនានាក្នុងខេត្ត និងស្ថានភាពនៃការបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសឲ្យបានជាអតិបរិមានូវការជន់លិច និងការខូចខាតផលដំណាំ ព្រមទាំងត្រូវរៀបចំទីទួលសុវត្ថិភាព និងត្រៀមឲ្យបានស្រេចបាច់ជាមុននូវវិធានការសរុប កម្លាំងសរុប សម្រាប់ជួយអន្តរាគមន៍នៅពេលមានការជន់លិចផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ។
លោក ម៉ែន វិបុលបានមានប្រសាសន៍ដូច្នេះក្នុឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងពិធីផ្លូវការផ្សេងៗទៀតដែលពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រីជាអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពទាំង៦ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក សរុបចំនួន ៥៨រូប ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តក៍ បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ។
សូមបញ្ជាក់ថាពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឆ្នាំនេះ គ្រោងនឹងរៀបចំនៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ហើយដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅបានរលូន ល្អប្រសើរ បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចំនួន ១ អមដោយអនុគណៈកម្មការចំនួន ៧ផ្សេងទៀតជាជំនួយការ ៕ ដោយ ៖ វ៉ៃកូ