ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានប្លន់ទ្រព្យសម្បត្តិយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៤កញ្ញានេះ ដើម្បីចាត់ការតាមច្បាប់។
កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការតាមបង្ក្រាប ក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន២នាក់ រួមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ជនសង្ស័យទី១៖ មានឈ្មោះ តាំង រុន អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២៖ ឈ្មោះ ឡា ធារ៉ា អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងដកហូតបានរួមមាន ម៉ូតូចំនួន២គ្រឿង (សេ១២៥ មួយគ្រឿង និងម៉ូតូម៉ាកស្កុបពី១គ្រឿង), អាវុធខ្លីចំនួន២ដើម (ម៉ាករ៉ូឡូ១ដើម និងម៉េអាកុលចំនួន១ដើម និងម្សៅពណ៌សមួយកូនកញ្ចប់។ ជនក្រុមជនសង្ស័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ បានប្លន់ទ្រព្យសម្បត្តិស្ត្រីជាអ្នករកស៊ីរាប់លុយ នៅក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយដកកាំភ្លើងខ្លី វាយក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាល ដើម្បីប្លន់ទ្រព្យសម្បត្តិបានប្រាក់ដុល្លារចំនួន១,៧ម៉ឺនដុល្លារ និងប្រាក់រៀលចំនួន៥លានរៀល៕ ដោយ ៖ បញ្ញាស័ក្តិ