ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងដល់ភ្នាក់ងារ ប្រមូលសំរាមនៅតាមភូមិសង្កាត់ ដែលជាមន្ត្រីជាប់កិច្ចសន្យា និងរដ្ឋបាលភ្នំពេញ បានជ្រើសរើស ដើម្បីលើកកម្ពស់បរិស្ថាន និងធ្វើយ៉ាងណាពង្រឹង យន្តការដែលមានស្រាប់ ដែលមានក្រុមហ៊ុន ស៊ីនទ្រី ជាអ្នកប្រមូលស្រាប់ និងធ្វើយ៉ាងណាសហការឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។
អភិបាលនៃគណៈអភិបាលរាធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា ចង់ឲ្យរាជធានីភ្នំពេញមានកំណើនអ្នកទេសចរណ៍ទៅបាន ដាច់ខាតត្រូវតែមានបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវគ្នាធ្វើដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅអ្នកទេសចរណ៍ ដែលធ្វើឲ្យគេចង់មកកាន់រាជធានីភ្នំពេញរបស់យើង។
នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំរាម ជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះនៅសាលារាជធានីភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញបាន ជម្រុញឲ្យអភិបាលខណ្ឌទាំងអស់និងមន្ត្រីមន្ទីរពាក់ព័ន្ធ ធ្វើការផាកពិន័យទៅលើកបុគ្គដែលចោលសំរាមតាមទីសាធារណៈ រំលោភលើច្បាប់អន្តរក្រសួងស្ថាប័នបានចែងកន្លងមក ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្រាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី នៅតាមផ្លូវសាធារណៈ ដូចជា ការចាក់សម្រាប់ចោលចូលទៅលើលូ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈត្រូវអនុវត្តផាកពិន័យ ទៅតាមច្បាប់អន្តរក្រសួងដែល បានចែងរួចហើយ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហា ទីលានចាក់សំរាម នៅរាជធានីភ្នំពេញ ដែលនិងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនិងតម្រូវការ នៃការកើនឡើងនៃសំរាម ។ បើយើងមិនពង្រឹកទីលានចាក់សំរាមទេនោះ នៅប៉ុន្មានឆ្នាំខាងមុនរាជធានីភ្នំពេញ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។
លោកឃួង ស្រេងបានបន្តថា ជាមួយនិងការពង្រឹកកន្លែងចាក់សំរាមជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែតាមរបាយការណ៍របស់ក្រុមហ៊ុន ស៊ីនទ្រី បានបញ្ជាក់ថា ការប្រមូលចំណូលពីការបង់ថ្លៃសេវាដឹកជញ្ជូនសំរាមមានការធ្លាក់ចុះ បើទោះបីមានការពង្រីកដែនដីកាន់តែធំ។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយស្ដីពី ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន ដែលកំណត់ឲ្យមានការផាកពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការចំពោះជនណាដែលចោលសំរាមមិនបានត្រឹមត្រូវ៕ ដោយ ៖ កូឡាប