រូបភាពថតបានបង្ហាញឲ្យឃើញថា ក្មេងប្រុស២នាក់ បានប្រជ្រៀតខ្លួនស្ថិតនៅក្រោមបាតរថយន្តក្រុងយ៉ាងប្រថុយប្រថាន ព្រោះវាអាចធ្លាក់ចុះគ្រប់ពេលបាន។
តាមកាសែត SCME ក្មេងប្រុសចិនទាំង២ បានស្ថិតនៅក្រោមបាតរថយន្តអស់រយៈពេល៣ម៉ោង បំណងទៅជួបឪពុកម្តាយ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
ក្មេងប្រុសវ័យ៨ឆ្នាំទាំង២នាក់នេះ បានគេចពីសាលារៀននៅឯជនបទស្វែងរកវិធីដើម្បីមកទីក្រុងរកឪពុកម្តាយ។
ក្មេងប្រុសទាំង២នាក់បានលាក់ពួនក្នុងលំហដ៏ចង្អៀតមួយ ខាងក្រោមរថយន្តឆ្ពោះទៅកាន់ខេត្តក្វាងស៊ី ។ ពួកវាទាំង២ ត្រូវបានភ្នាក់ងារសន្តិសុខសំឡឹងឃើញ ពេលឡានក្រុងឈប់សុំចតនៅស្ថានីយមួយចម្ងាយពីកន្លែងចេញដំណើរ ៨០គីឡូម៉ែត្រ។
ភ្នាក់ងារសន្តិសុខមួយរូបនៅស្ថានីយ៍នោះបានិយាយថា ក្មេងទាំង២នាក់ រាងស្គមទើបអាចប្រជ្រៀតចូលក្រោមរថយន្តបាន ពេលដែលត្រូវបានរកឃើញនោះខ្លួនប្រាណពួកវាពោរពេញដោយភក់ល្បាប់ ។
ភ្នាក់ងារនៅចំណតបានជួយលាងសម្អាតសម្លៀកបំពាក់ ហើយនាំពួកវាទៅបរិភោគអាហារថ្ងៃត្រង់។ បុគ្គលិកដដែលឲ្យដឹងបន្ថែមថា ឪពុកម្តាយរបស់ក្មេងប្រុសទាំង២នាក់នេះ កំពុងធ្វើការនៅខេត្តក្វាងស៊ីក្បែរនោះ។ ក្នុងសង្គមចិនបច្ចុប្បន្ន ក្មេងៗចិនប្រមាណ ២៣ លាននាក់ បានត្រូវទុកចោលនៅឯជនបទជាមួយជីដូនជីតា ខណៈពេលឪពុកម្តាយឡើងមកកាន់ទីក្រុងធំៗស្វែងរកការងារធ្វើ៕ ដោយ ៖ ចន្ទ្រា