គ្រួសាររាជ្យវង្សអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃច័ន្ទម្សិលមិញថា ព្រះអង្គម្ចាស់ ហារី (Harry) បានភ្ជាប់ពាក្យរួចរាល់ហើយជាមួយនឹងមិត្តស្រីរបស់ព្រះអង្គឈ្មោះ Meghan Markle កាលពីដើមខែនេះនៅក្នុងទីក្រុងឡុង។ កញ្ញា Meghan Markle គឺជាអ្នកសំដែង ជនជាតិអាមេរិច។
បើតាមសេចក្តីប្រកាសបានឲ្យដឹងថា អ្នកទាំងពីរនឹងត្រូវចូលរោងការនៅឆ្នាក្រោយ ចំនែកព៌តមានលំអិតនៃការរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនឹងត្រូវប្រកាសពេលក្រោយ។
ព្រះអង្គម្ចាស់ហារី បាននិយាយថា គាត់បានសុំសិល្បៈការីអាមេរិច ដើម្បីរៀបការ ក្រោយពេលមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលមួយឆ្នាំ ហើយនាងទទួលយកសំណើរនោះដោយសេចក្តីរីករាយ។
នៅក្នុងសេចក្តីប្រកាស ព្រះអង្គម្ចាស់ Charles ដែលជាបិតារបស់ព្រះអង្គម្ចាស់ Harry បាននិយាយថា ព្រះអង្គមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសពីព៌តមានរបស់បុត្រាព្រះអង្គ។
Meghan Markle ដែលធ្លាប់ចូលរួមសំដែងជាច្រើនរឿងនៅអាមេរិច កើតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៨១ និងបានធំធាត់នៅទីក្រុង Los Angeles ប៉ុន្តែនាងសព្វថ្ងៃរស់នៅ Toronto៕ សុភ័ក្ត្រ