ជប៉ុនទទួលបានសញ្ញាវិទ្យុ ដែលបង្ហាញឲ្យឃើញថា កូរ៉េខាងជើងអាចកំពុងត្រៀមបម្រុងសម្រាប់ការសាកល្បងកាំជ្រួចក្នុងប៉ុន្មានថ្ងៃខាងមុខនេះ សារព័ត៌មាន Kyodo បានដកស្រង់ប្រភពច្បាស់ការឲ្យថ្ងៃ ២៨/១១នេះ។
សារព័ត៌មាន Kyodo បានដកស្រង់សម្តីរបស់មន្ត្រីជប៉ុន ឲ្យដឹងថា ពួកគេបានទទួលនូវសញ្ញាវិទ្យុ បង្ហាញឲ្យឃើញថា កូរ៉េខាងជើងកំពុងមមាញឹកសម្រាប់ការត្រៀមបម្រុងសាកល្បងកាំជ្រួចមួយ។ Kyodo ដដែលបានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនម្នាក់ឲ្យដឹងថា “មានលទ្ធភាព”ជាច្រើនដែលកូរ៉េខាងជើងនឹងសាកល្បងកាំជ្រួចអំឡុងប៉ុន្មានថ្ងៃទៀត”។
ប៉ុន្តែប្រភពខាងលើ ពុំបានបញ្ជាក់ច្បាស់លាស់អំពីកាំជ្រួចនោះជាប្រភេទអ្វី ហើយ Kyodo ដដែល លើកឡើងថា សញ្ញាវិទ្យុទាំងនោះក៏អាចផ្តើមចេញពីវគ្គហ្វឹកហ្វឺនរដូវរងារបស់កូរ៉េខាងជើង។
មជ្ឈដ្ឋានឃ្លាំមើលរបស់អាមេរិកឲ្យដឹងថា ពួកគេកំពុងតាមដានយ៉ាងជិតស្និទ្ធសកម្មភាពខាងលើ ។ ព័ត៌មានខាងលើត្រូវបានលើកឡើងក្នុងបរិបថ “កូរ៉េខាងជើងសម្ងំស្ងៀម” ក្នុងអំឡុង ២ ខែកន្លងមក ហើយក្រុមមន្ត្រីអាមេរិកបារម្ភថា ក្រុងព្យុងយ៉ាងអាចកំពុងរៀបចំការសាកល្បងកាំជ្រួចយ៉ាងស្ងៀមស្ងាត់ពុំធ្លាប់មានមួយ ឬអាចសាកល្បងនុយក្លេអ៊ែរក្នុងលំហអាកាសដោយពុំបានព្រមានទុក៕ ដោយ ៖ សូយន