រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ បានសាទរ បទបញ្ជាក្តៅ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាឲ្យ លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពដឹកដីចាក់រំលោភចូលឆ្នេរសមុទ្រធម្មជាតិ នៃឆ្នេរព្រែកត្រែង ស្ថិតភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយតម្រូវឲ្យអ្នកពាក់ព័ន្ធ ត្រូវកាយយកអាចម៌ដីទាំងនោះ ចេញឆ្នេរព្រែកត្រែងវិញឲ្យបានឆាប់ ធ្វើយ៉ាងណាឲ្យឆ្នេរសមុទ្រធម្មជាតិខាងលើនេះ ឲ្យមកសភាពដូចដើមវិញ។
ភ្លាមៗបន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេច ហ៊ុន សែន លោក ជា សុផារ៉ា កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក៏បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីស្ថាប័នជំនាញពាក់ព័ន្ធនានា ចុះពិនិត្យផ្ទាល់ជាក់ស្ដែង ដល់ទីតាំងឆ្នេរព្រែកត្រែង និងបានតម្រូវឲ្យអ្នកជាប់ពាក់ព័ន្ធសម្មភាពដឹកដីចាក់លុបឆ្នេរព្រែកត្រែង កាយយកអាចម៌ដី ដែលចាក់រំលោភចូលឆ្នេរសមុទ្រខាងលើចេញវិញ ធ្វើយ៉ាងណារក្សាឆ្នេរឲ្យមកសភាពដើមវិញ៕ ដោយ៖ ដែន សីមា