ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយក អាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភា កើនឡើងដល់៧៩អាសនៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។
គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖ ១)មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ គឺលោកសៀង ស៊ុតថង។ ២)មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរ សរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ គឺលោកអ៊ី សំអុល លោកម៉ា ឈឿន និងលោកស្រីខុង ស៊ុនអេង ។ ៣)មណ្ឌលកណ្តាល ៖មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ គឺលោកវ៉ាន សំអឿន និងលោកគោសុំ សារឿត។ ៤)មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ គឺលោកជៀប ស៊ីវន លោកពេជ្រ គឹមស្រ៊ាង និងលោកលី ឆេង ។ ៥)មណ្ឌលខេត្តព្រៃវែង៖ អាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ គឺលោក ឡុង ប៊ុន្នី និងលោកម៉ុម ស៊ីបុន។ បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រថ្មីទាំង១១រូប មកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានគ.ជ.ប បញ្ជូនទៅដល់ រដ្ឋសភា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ៕ ដោយ៖បញ្ញាស័ក្តិ