ភ្នំពេញ: ឃាតកម្មដោយចេតនា ដោយបុរសជាប្ដីខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេកសម្រេចចិត្ដយក កាំបិតប៉័ងតោអារក ប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ២៧១ ជិតផ្សារដើមពោធិ៍ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្ដីមានឈ្មោះ រី ភារៈ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ចំណែកស្ដ្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ញ៉ាញ ស្រីមុំ អាយុប្រហែល ៤០ឆ្នាំ ស្នាក់នៅជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដីបានដើរមកពីផឹកស្រាជាមួយមិត្ដភក្ដិ រួចបានមកហៅប្រពន្ធទៅផ្ទះ ស្រាប់តែប្រពន្ធបាន ស្រែឮថា កុំចេះដឹងរឿងអញ ពេលនោះក៏មានទំនាស់ពាក្យសម្ដីនឹងគ្នាយ៉ាងខ្លាំង ឈានដល់ប្ដីទាញកាំបិតប៉័ងតោមកអារ.កប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះ ដែរបុរសជាប្ដីបាននាំប្រពន្ធជាស្ដ្រីរងគ្រោះមកមន្ទីរពេទ្យតែម្ដង។ ក្រោយកើតហេតុបុរសជាប្ដីបានសារភាពថា ខ្លួនពិតជាយកកាំបិតប៉័ងតោអារកប្រពន្ធខ្លួនពិតប្រាកដមែន។សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនបុរសជាប្ដីមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការបន្តទៀត៕ ដោយ៖បញ្ញាស័ក្តិ