បន្ទាយមានជ័យ : ខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់ឆេះខ្លោចខ្លួនជាងពិដានផ្ទះម្នាក់ រងរបួសធ្ងន់ យ៉ាងខ្លោចផ្សា ពេលផ្សារដែកនៅក្បែរសាលាក្រុងសិរីសោភ័ណ នាភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ កាលពីវេលាម៉ោង៩និង៥នាទី ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភូ ភុយ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោកបន្តថា យោងអ្នកឃើញហេតុការណ៍ប្រាប់ថា មុនពេលកើតហេតុមានជាងដែកនិងជាងធ្វើពិដានផ្ទះមួយក្រុមបាននាំគ្នាមកធ្វើផ្ទះរបស់ឈ្មោះ មឿន សីហា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
ជនរងគ្រោះបានឡើងទៅផ្នែកខាងលើផ្ទះដើម្បីធ្វើពិដានផ្ទះ។ តែខណះរនោះមានកម្មករម្នាក់ទៀតបានហុចឆ្អឹងដែកឱ្យជនរងគ្រោះ ៗក៏ចាប់ទាញយកឡើងលើក៏ភ្លាត់ស្នៀត ទៅប៉ះនិងខ្សែភ្លើង(ខ្សែបញ្ជូនចរន្ត) ស្រាតតង់ស្យុងខ្ពស់បណ្តាលឲ្យឆក់ជនរងគ្រោះឆេះខ្លោចមួយចំហៀងខ្លួន រងរបួសធ្ងន់ ។
ម្ចាស់ផ្ទះនិងកម្មករធ្វើការជាមួយគ្នាជួយសង្គ្រោះ ទើបបង្កទៅជាបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបមង្គលបុរី។
សូមបញ្ជាក់ថា ផ្ទះខាងលើកសាងនៅក្រោមបង្គោលខ្សែភ្លើងនៅលើចំណីផ្លូវសាធារណៈ ហើយជាប់នឹងរបងមន្ទីរធនធានទឹកនិងឧតុនិយម។
រាល់ការកសាងផ្ទះ រឺសំណង់អគារទាំងឡាយត្រូវនៅអោយឆ្ងាយយ៉ាងតិច៣ម៉ែត្រ ពីខ្សែបណ្តាញអគ្គីសនី។ នេះបើតាម អាជ្ញាធរអគ្គីសនីបានព្រមាន៕ ដោយ : បន្ទាយ