ភ្នំពេញ៖នៅពេលខាងមុខនេះរដ្ឋបាលរាជធានីនឹងធ្វើការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពចំពោះការបោះបង្គោលកំណត់ព្រំក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យនិងខណ្ឌដង្កោ ឲ្យបានច្បាស់លាស់ជាមួយក្រុមហ៊ុនពាក់ព័ន្ធដែលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទាំងពីរខាងលើនេះ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះនៅរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញប្រជុំជាមួយក្រុមហ៊ុនឯកជនពាក់ព័ន្ធស្ដីពីការត្រួតពិនិត្យការបោះបង្គោលកំណត់ព្រំក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក។
ក្រោយកិច្ចប្រជុំលោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងអង្គប្រជុំខាងលើលោកអភិបាលរាជធានីភ្នំពេញនិងជាប្រធានអង្គប្រជុំបានជំរុញឱ្យក្រុមមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍កិច្ចការបោះបង្គោលឲ្យមានប្រសិទ្ធភាព និងត្រូវកំណត់ព្រំប្រទល់និងអាងស្ដុកទឹកបឹងទំពុន និងបឹងជើងឯកទុកជាសម្បត្តិរដ្ឋ។អ្នកនាំពាក្យបានបន្តថា៖ក្នុងការងារនោះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ជំនាញក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ជាពិសេសខាងក្រុមហ៊ុនវិនិយោគនិងអ្នកដែលមានកម្មសិទ្ធិដីធ្លី នៅក្នុងតំបន់អភិវឌ្ឍន៍ខាងលើមុនពេលដែលត្រូវធ្វើការសាងសង់ដូចជារៀបចំជាគម្រោងអភិវឌ្ឍន៍ ឬក៏ជាសំណង់ផ្សេងៗនោះត្រូវគោរពឲ្យបានទៅតាមប្លង់គោលដែលបានឯកភាពគ្នា និងផ្ដល់ជូនរួចមក ហើយសំដៅធ្វើយ៉ាងកុំឱ្យធ្វើការសាងសង់កុំឲ្យខុសអំពីប្លង់គោលនេះឈានទៅដលមានបញ្ហាដល់ថ្ងៃមុខ៕ ដោយ៖កូឡាប