ភ្នំពេញ៖ ខ្មោចអគារ៤២ជាន់ (Gold Tower 42 ,GT 42) អាចនឹងរស់ឡើងវិញ ក្រោយពីក្រុមហ៊ុន Yonwoo ប្រកាសថានឹងចាប់ផ្តើម បន្តការសាងសង់ឡើងវិញ នៅឆ្នាំ២០១៨ ហើយនឹង បញ្ចប់នៅឆ្នាំ២០១៩ ហើយក្នុងនោះក៏មានក្រុមហ៊ុន២ផ្សេងទៀត បានចុះហត្ថលេខា ជាមួយក្រុមហ៊ុនYonwoo ដើម្បីសង្គ្រោះអគារនេះ ។
លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន Yonwoo Cambodia Co, Ltd ដែលជាម្ចាស់គម្រោង បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះត្រូវបានប្រកាស ក្រោមឈ្មោះថ្មី GT 42 ។ ពិធីចុះហត្ថលេខាសាងសង់គម្រោង Gold Tower 42 ឡើងវិញរបស់ក្រុមហ៊ុន Yonwoo ជាមួយក្រុមហ៊ុនចិន Shengzheng Hongtoao Decoration និង Waiman Construction & Engineering (ម៉ាកាវ) កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក Kim សន្យាថា ក្រុមហ៊ុនរបស់លោកនឹងច្បាស់ជាបញ្ចប់គម្រោងទាន់ពេល។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា Yonwoo បានផ្ញើរលិខិតមកក្រសួងនៅខែសីហាថា ពួកគេនឹង សាងសង់អគារក្នងរយៈពេល៦ខែទៀត។ យ៉ាងណាក៏ដោយ លោកបន្តថា ខ្ញុំមិនទាន់ប្រាកដនោះ ទេថាតើការសន្យានោះពិត ឫអត់ ពីព្រោះថាម្ចាស់គម្រោងបានចេញ សេចក្ដី ថ្លែងការស្រដៀង គ្នានេះ ច្រើនដងរួចមកហើយ ប៉ុន្តែពុំទាន់ឃើញមានការសាងសង់ នោះទេ។
គួរបញ្ជាក់ថា គម្រោង Gold Tower 42 ត្រូវបានពន្យារពេលអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ហើយបន្ទាប់មក ខកខានមិនបានបន្តការសាងសង់ឡើងវិញជាច្រើនសារ។ យ៉ាង ណាក៏ដោយគម្រោងនេះបានបញ្ចប់ការសាងសង់បាន ចំនួន៣២ជាន់ហើយ មុននឹងគម្រោងនេះត្រូវបានពន្យារពេលសារជាថ្មី។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ ៤២ជាន់នេះ វិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង Yon Woo Cambodia ដែលមានតម្លៃទុនវិនិយោគសាងសង់ប្រមាណ ២៤០លានដុល្លារ ដែលគ្រោងនឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៨។ នេះបើយោងតាមការបញ្ជាក់របស់គម្រោងប្លង់មេដើម។
អគារនេះបានក្លាយជាគម្រោងអគារខ្ពស់ដំបូងគេនៅភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨ ២០០៩ ក្នុងចំណោមអគារខ្ពស់ៗនៅក្នុងទីក្រុង។ ហើយក៏បានបំបែកឯតទគ្គកម្មក្នុងការចំណាយពេលវេលាសាងសង់យូរជាងគេដែរ។
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គិតត្រឹមឆ្នាំ២០០០ រហូតមកដល់រយៈពេល ៤ខែដំបូងនៃឆ្នាំ២០១៧នេះ អគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងទៅ ៥៥ជាន់ សរុបមានប្រមាណ ៩០១ អគារនៅរាជធានីភ្នំពេញ។ ហើយរបាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានចំនួនជាង ៨ពាន់ ៥០០លានដុល្លារអាមេរិក។ តួលេខនេះកើនឡើង ១៥៥% បើធៀបនឹងឆ្នាំ២០១៥។
លោក ហៃ រ៉ាវី ប្រធានទីផ្សារ និងលក់ ក្រុមហ៊ុន Daily Realty Group បានលើកឡើងថា គេពុំទាន់ដឹងច្បាស់នៅឡើយទេ ថាតើគម្រោងនេះនឹងបញ្ចប់ទាន់ពេលឫអត់ ដោយសារតែប្រវត្តនៃការពន្យាពេល។
លោកបន្តថាយ៉ាងណាក៏ដោយប្រសិនបើគម្រោងនេះបន្តការសាងសង់ និងបញ្ចប់ទាន់ពេលវានឹងក្លាយជាសញ្ញាវិជ្ជមានមួយទៀតចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាពីព្រោះ Gold Tower 42 គឺជាគម្រោងធំមួយនៅក្នុងប្រទេសហើយដូច្នេះអាចនឹងទាក់ទាញវិនិយោគបរទេសបានកាន់តែច្រើន។
ប្រជាពលរដ្ឋដែលធ្វើតាមដំណើរឆ្លងកាត់អគារខ្មោចមួយនេះ បាននិយាយទាំងភ័យខ្លាចថា រាល់ពេលដែលខ្ញុំជិះកាត់ស្តុបពេទ្យចិន ខ្ញុំតែងតែងើយមើលអគារ Gold Tower 42 ដែលត្រូវបានគេបោះបង់ចោលរាប់ខែឆ្នាំហើយ។ អ្វីដែលខ្ញុំងើយមើល មិនមែនខ្ញុំសោកស្ដាយដែលគេយកអគារតម្លៃរាប់លានដុល្លារមកបោះបង់ចោលទេ គឺខ្ញុំសម្លឹងមើលរន្ទារដែកដែលគេចាប់ជាប់ជញ្ជាំងអគារដែលនៅជាន់ខ្ពស់ជាងគេ ហើយគិតថា បើប៊ូឡុង (ខ្ចៅ) វាច្រែះ ពុកផុយ ហើយរបូតធ្លាក់មកលើអ្នកដំណើរដែលឈប់ស្តុបនឹង តើអ្នកណាទទួលខុសត្រូវ។ តើអាជ្ញាធរសាលារាជធានី គាត់មិនចាប់អារម្មណ៍ ឬគាត់គិតថាមិនមែនធ្លាក់លើសាច់ឈាមគាត់? គួរការពារប្រសើរជាងព្យាបាល ប្រយ័ត្នដូចករណីដែករន្ទារអគារអូឡាំព្យ៉ាធ្លាក់ស្លាប់ស្ត្រីម្នាក់ដែលកូនឌុបដោយម៉ូតូកន្លងទៅ។ នេះគ្រាន់តែជាការមើលឃើញរបស់ខ្ញុំទេ ។ ខ្ញុំពិតជាមើលទៅស្រៀវមែនទែន ខ្ពស់ណាស់ព្រះអើយ បើដាច់ឬរបូតធ្លាក់មក គ្មានវាចារនឹងថ្លែងទេ។ សូមមើលរូបទៅ បើមិនជឿ ។ ហើយបើចង់ដឹងច្បាស់ជិះម៉ូតូទៅឈប់ស្តុបនឹងលេងតិចទៅ។ បំណងល្អពីខ្ញុំ ដែលមើលឃើញម៉េច ថាចឹង៕ ដោយ៖បញ្ញាស័ក្តិ